តាប៊ុយ ធ្លាប់ជាពិធីករនិងអ្នកផលិតកម្មវិធីដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងទូរទស្សន៍ម៉ាយធីវី តែកាលពីជិតបីឆ្នាំមុនលោកបានប្រកាសផ្អាកពីការងារនេះដោយសារមានសម្ពាធខ្លាំង ។ ប៉ុន្តែថ្មីៗនេះពិធីករដែលមានមុខមាត់កូនកាត់ចិនរូបនេះត្រៀមវិលជាថ្មីនៅក្នុងស្ថានីយទូរទស្សន៍មួយ តែមិនមែនជាទ្រនំចាស់ឡើយ។
ក្រៅពីពិធីករនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ម៉ាយធីវី «ពេញចិត្តឬអត់» តាប៊ុយ ក៏ជាអ្នកផលិត កម្មវិធីដ៏សំខាន់ម្នាក់ដោយលោកបាន ផលិតកម្មវិធីជាច្រើនហើយជោគជ័យថែមទៀត ។ ប៉ុន្តែដោយសារសម្ពាធការងារច្រើន តាប៊ុយ បានសម្រេចផ្អាកការងារទូរទស្សន៍ដោយងាកមករកស៊ីតាមអនឡាញវិញម្តង ដែលគិតមកដល់សព្វថ្ងៃមានរយៈពេលជាងពីរឆ្នាំមកហើយ ។
ថ្មីៗនេះ តាប៊ុយ ក៏បានបង្ហើបថា លោកត្រៀមវិលមកកាន់ការងារផ្នែកទូរទស្សន៍វិញ តែលោកមិនបានបញ្ជាក់ថា នៅទ្រនំណាមួយឡើយ ។ ក្នុងនោះក៏មានការព្រលយថា តាប៊ុយ នឹងបង្ហាញមុខនៅទ្រនំថ្មីគឺទូរទស្សន៍ភីអិនអិន នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
តាប៊ុយ ធ្លាប់និយាយថាវិលត្រឡប់ម្តងទៀត លោកនឹងធ្វើឱ្យផ្ទុះតាមរយៈកម្មវិធីថ្មីៗដែលលោកបានកត់ត្រាទុកក្រោយពីបានតាមដានតាមរយៈកម្មវិធីនានារបស់បរទេសក្រោយ ពីមានឱកាសបានឈប់សម្រាកប្រមាណពីរឆ្នាំកន្លះនេះ។ តាប៊ុយ បានព្រលយទៀតថា អ្នកគាំទ្រលោកនឹងមិនខកបំណងឡើយ ព្រោះត្រឡប់មកលើកនេះលោកមិនបានដើរទេគឺរត់ពេញទំហឹងហើយលោករំពឹងថាទស្សនិកជនទាំងអស់នឹងបានឃើញអ្វីដែលថ្មី និងប្លែកហើយគុណភាពល្អជាងមុនពីស្នាដៃផលិតរបស់លោក ៕