ខុសប្លែកពីឆ្នាំមុនៗតារាសម្តែង សឿន ផាភួង និងកូនស្រី អាង សុជាតា បានរៀបចំពិធីធ្វើខួបកំណើតនៅក្នុងថ្ងៃតែមួយរួមគ្នាកាលពីថ្ងៃទី ១៧ កន្លងទៅ ។ មិនមែនគ្មានមូលហេតុនោះទេ សឿន ផាភួង រៀបចំធ្វើខួបកំណើតរួមគ្នាទាំងម្តាយនិងកូនបែបនេះដើម្បីលើករាសីព្រោះនៅក្នុងឆ្នាំ២០២៣នេះអ្នកទាំងពីរនាក់ម្តាយនិងកូនមានរាសីមិនសូវល្អប៉ុន្មានឡើយ ។
សម្រាប់ឆ្នាំនេះដែរតារាសម្តែង សឿន ផាភួង ធ្វើខួបកំណើតគម្រប់អាយុ ៣៦ឆ្នាំ និងកូនស្រី អាង សុជាតា គម្រប់អាយុ ១៩ឆ្នាំ ដែលពិធីរបស់អ្នកទាំងពីរក៏មានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើនប្រមាណ ៤០តុឯណោះ ។ ប៉ុន្តែយ៉ាងណាតារារូបនេះបានបញ្ជាក់ថាកម្មវិធីនេះតូចជាងឆ្នាំមុន ហើយសម្រាប់នាងធ្វើពិធីខួបកំណើតមិនដែលបានចំណេញដូចគេធ្លាប់និយាយឡើយ ។
មូលហេតុសំខាន់ដែលម្តាយកូនអ្នកសិល្បៈធ្វើខួបក្នុងថ្ងៃតែមួយគឺគោលបំណងដើម្បីលើករាសី ជាពិសេសរាសីកូនស្រី អាង សុជាតា តែម្តង ។សម្រាប់ការចំណាយនៅក្នុងពិធីខួបកំណើតនេះ សឿន ផាភួង មិនបានប្រាប់ពីទំហំនៅក្នុងការចំណាយឡើយ តែនាងរំពឹងថាក្រោយធ្វើខួបកំណើតនេះពួកនាងនឹងមានតែរឿងល្អនិងមានរាសីខ្ពស់ឡើងវិញ។ ជាពិសេសឱ្យកូនស្រី អាង សុជាតា ជោគជ័យនៅក្នុងការងារសិល្បៈ។
ក្នុងនាមជាស្ត្រីមេម៉ាយកូនពីរនាក់សុទ្ធតែធំៗកំលោះក្រមុំទន្ទឹមខ្លួនក្តី តែ សឿន ផាភួង ហាក់មិនមានអ្វីត្រូវខ្វល់ខ្វាយឡើយព្រោះទាំងរូបនាង និងកូនស្រី អាង សុជាតា បានប្រឹងប្រែងធ្វើការរងាររួមគ្នាដែលសព្វថ្ងៃនាងក៏មានជីវភាពរស់នៅហ៊ឺហាមិនចាញ់តារាដទៃឡើយ ។ អ្វីដែលកត់សម្គាល់បើទោះកន្លងមកធ្លាប់មានការផ្គូផ្គងពីសំណាក់មហាជនរវាងរូបនាងនិងតារាសម្តែងប្រុសលោក លាង ឧត្តម ក្តី តែតារាសម្តែងវ័យ ៣៦ឆ្នាំរូបនេះបានបញ្ជាក់ថាពួកនាងគ្មានទំនាក់ទំនងស្នេហាឡើយពោលស្រឡាញ់រាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ៕