មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញតារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហោះសារសរសើរដល់លោក អ៊ឹម ជីវ៉ា ដែលមានងារជាឯកឧត្តម តែមិនដែលបានបើកបង្ហាញឱ្យគេឯងដឹង ។ ខណៈលោក អ៊ឹម ជីវ៉ា បានរំឮកខ្លួនឯងថាកុំពុលនឹងពាក្យឯកឧត្តម កុំតម្កើងនឹងពាក្យមេ..។
ចាប់អាជីពជាអ្នកសិល្បៈជាច្រើនឆ្នាំលោក អ៊ឹម ជីវ៉ា បានវិវត្តន៍ខ្លួនមកជាអ្នកសារព័ត៌មានផ្នែកសិល្បៈ មិនតែប៉ុណ្ណោះលោកតែងបង្ហាញវត្តមានយ៉ាងសស្រាក់សស្រាំនៅក្នុងការជួយដល់អ្នកសិល្បៈដែលមានបញ្ហាខ្វះខាត មិនថាឈឺឬទទួលមរណភាពនោះទេពោលគេតែងឃើញមុខលោក អ៊ឹម ជីវ៉ា មុនគេតែម្តង ។
យ៉ាងណាមិញកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ លោក អ៊ឹម ជីវ៉ា ក៏ធ្លាប់ទទួលបានពានរង្វាន់ជាអ្នកកាសែតឆ្នើមផ្នែកសិល្បៈជួយដល់អ្នកសិល្បៈដែលខ្វះខាត។ អ្វីដែលកត់សម្គាល់ថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយបានឃើញលោក ករុណា ពេជ្រ បានបង្ហោះរូបភាពជាមួយលោក អ៊ឹម ជីវ៉ា ភ្ជាប់ដោយសំណេរដែលមានអត្ថន័យថា « សរសើរ brother អ៊ឹម ជីវ៉ា ឡើងងារ ឯកឧត្តម ពីពេលណាអត់ដែលផុសអោយដឹងសោះ… ទើបដឹង ម្សិលម៉្ងៃ ក្នុងពិធីការ ក្មួយ គាត់ បានលឺ ពិធីការនី ប្រកាស ងារ យ៉ាងច្បាស់អរបអរសាទរ »។
ជុំវិញការបង្ហាញពីងាររបស់លោក អ៊ឹម ជីវ៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលហើយក៏ចង់ដឹងថាតើលោក អ៊ឹម ជីវ៉ា តែងតាំងងារជាឯកឧត្តមតាំងពីពេលណាហើយនៅក្នុងក្រសួងណាដែរ?
ក្នុងនោះក៏មានការអបអរសាទរចំពោះងារថ្មីនេះពីសំណាក់អ្នកគំាំទ្ររបស់លោកផងដែរ។ ក្រោយពីមានការបង្ហាញងាររបស់ខ្លួនដោយមិត្តភក្តិសិល្បៈនោះ អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារយ៉ាងចាក់ដោតថា «អ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានមានប្រសា សន៍ថា កុំពុលនិងពាក្យថា “ ជំទាវ “ កុំពុលនិងពាក្យ “ថា ឯកឧត្តម “កុំតម្តើងខ្លួននិងពាក្យថា “ មេ “កុំក្អេងក្អាងនិងពាក្យថា “ ឧកញ៉ា “ហើយកុំហ៊ឺហា របស់ទ្រព្យគេ គោរពអរគុណអ្នកម្តាយ ។ អំពើល្អមិនសាបសូន្យ »៕