មានការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងដោយមុននេះបន្តិចលោក ឯម រៀម ដែលជាអ្នកស្និទ្ធស្នាលជាមួយអតីតតារាសម្តែងដ៏ល្បីលោក ពេជ្រ ភីរុណ បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់អតីតតារាសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញនាទស្សវត្ស៩០។
ជឿជាក់ មហាជន ជាច្រើនប្រាកដជាបានស្គាល់អតីតតារាសម្តែងដ៏ល្បីនាសម័យឆ្នាំ ៩០ លោក ពេជ្រ ភីរុណ ហើយលោកក៏ជាអតីតស្វាមីរបស់អ្នកស្រី អម្ពរ ទេវី ផងដែរ ។ ដ្បិតបានបញ្ចប់អាជីពសិល្បៈជាច្រើនឆ្នាំ តែលោក ពេជ្រ ភីរុណ ក៏ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់នារីដ៏ចំណានម្នាក់ដែលកន្លងមកលោកធ្លាប់បានច្នៃជូនអតីតភរិយាអ្នកស្រី អម្ពរ ទេវី កាលអ្នកស្រីបានមកថតរឿងឱ្យអ្នកស្រី ពាន់ ភួងបុប្ជា កាលប៉ុន្មានឆ្នាំមុន ។
ប៉ុន្តែអ្វីដែលគួរឱ្យរន្ធត់ចិត្តនិងសោកស្តាយនោះនៅក្នុងថ្ងៃទី ២៦ នេះលោក ឯម រៀម បានបង្ហោះរូបភាពមួយសន្លឹករបស់លោក ពេជ្រ ភីរុណ រួមនឹងសារដ៏សោកសៅដែលមានអត្ថន័យថា «សូមចូលរួមរំលែកទុក្ខ និង សូមចូលរួមសោកស្តាយនៃការបាត់បង់តារាភាភយន្តនៃប្រទេសកម្ពុជា គឺបង ពេជ្រ ភិរុណ»។ ជាមួយព័ត៌មាននេះបានធ្វើឱ្យមហាជនជាច្រើនដែលធ្លាប់បានស្គាល់នូវទេពកោសល្យរបស់លោក ពេជ្រ ភីរុណ នៅក្នុងការសម្តែងរឿងនាពេលកន្លងមកបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយនឹងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់រូបលោកយ៉ាងលឿនបែបនេះ។
បន្ថែមពីលើនេះលោក ឯម រៀម មិនបានបញ្ជាក់ថាលោក ពេជ្រ ភីរុណ ស្លាប់ដោយសារជំងឺអ្វីឡើយ ព្រោះកន្លងមកគេសម្គាល់ឃើញថាអតីតតារាសម្តែងរូបនេះមានសុខភាពមាំមួន និងមានវ័យក្មេងសង្ហាបើទោះលោកមានវ័យ៧០ឆ្នាំទៅហើយក្តី ។គួរំឮកថាក្រោយចែកផ្លូវជាមួយតារាសម្តែង អ្នកស្រី អម្ពុរ ទេវី លោក ពេជ្រ ភីរុណ បានបន្សល់នូវកូនប្រុសមួយចំណងដៃរួមគ្នាដែលសព្វថ្ងៃកូនប្រុសរបស់លោកក៏មានភរិយានឹងកំពុងរស់នៅយ៉ាងសុខសាន្តនៅលើទឹកដីអាមេរិកជាមួយអ្នកស្រី អម្ពរ ទេវី ៕