header ads

Sponsor

ក្រោយពីបានរួមការងារជាមួយគ្នាប្រមាណជាជិតពីរឆ្នាំមកតារាសម្តែង នាយព្រែក និងតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ មានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង ដល់ថ្នាក់អ្នកទាំងពីរតែងពិភាក្សារឿងរ៉ាវមិនសប្បាយចិត្តជាមួយគ្នាដូចមិត្តភក្តិឬសមាជិកគ្រួសារតែមួយ ។

ក្រៅពីលេចមុខនៅក្នុងការសម្តែងរឿងភាគទូរទស្សន៍និងរឿងដុំនានាតារាសម្តែងចាស់វស្សា ទេព រិនដារ៉ូ តែងបង្ហាញវត្តមាននៅក្នុងការសម្តែងរឿងជាមួយ នាយព្រែក ដែលជារឿងខ្លីសម្រាប់ឃោសនាផលិតផលនានា ។ រឿងខ្លីៗទាំងនោះក៏ទទួលបានការពេញចិត្តនិងពេញនិយមពីសំណាក់អ្នកទស្សនានៅតាមបណ្តាញសង្គមជាច្រើន ។ អ្វីដែលកត់សម្គាល់ក្រោយឆ្លងកាត់ការរួមការងារជាមួយគ្នាជិតពីរឆ្នាំ នាយព្រែក បានលើកឡើងពីអនុស្សាវរីយ៍របស់ខ្លួន និងលោក ទេព រិនដារ៉ូ ប្រាប់ដល់អ្នកគាំទ្រថា ខ្លួននិងលោក ទេព រិនដារ៉ូ បានស្គាល់គ្នាតាំងពីនៅតូចដោយបានសម្តែងរួមគ្នានៅក្នុងបទ«ជ័យលក់នំបញ្ចុក»តែកាលណោះមិនមានភាពស្និទ្ធស្នាលឡើយ។ ទើបតែមានអនុស្សាវរីយ៍ច្រើនជាមួយគ្នាក្រោយពេលបានសម្តែងរួមគ្នានៅក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ។

នាយ ព្រែក បានសរសើរលោក ទេព រិនដារ៉ូ ថា ជាតារាជើងចាស់ដែលគួរឱ្យគោរព្រោះលោកតែងមកចាំខ្លួនមុននៅពេលថតរឿងហើយពេលមានបញ្ហាផ្ទាល់ខ្លួនលោក ទេព រិនដារ៉ូ មិនដែលហ៊ានពឹងពាក់នាយ ក៏ដូចជាក្រុមការងារឡើយ ។ នាយ ព្រែក បានរំឮករឿងថា ថ្ងៃមួយពេលថតរឿងនាយបានដួលគ្រេចជើង ពេលនោះលោក ទេព រិនដារ៉ូ បានសម្តែងការព្រួយបារម្ភនិងទៅទិញថ្នាំក៏ដូចជាជួយម៉ាស្សាសម្រួលសរសៃជើងដែលចាត់ទុកនាយដូចជាមិត្តភក្តិ ឬ សមាជិកគ្រួសារលោក ដែលធ្វើឱ្យនាយមានការរំភើបចិត្តជាខ្លាំង ។

ដ្បិតខុសទាំងជំនាន់ និងខុសទាំងវ័យ តែ នាយព្រែក និងតារាសម្តែងវ័យ ៦០ឆ្នាំរូបនេះតែងចាត់ទុកគ្នាដូចជាមិត្តស្និទស្នាលដោយពេលខ្លះលោក ទេព រិនដារ៉ូ  តែងរៀបរាប់រឿងមិនសប្បាយចិត្តដែលលោកជួបប្រទះឱ្យខ្លួនស្តាប់។ សម្រាប់ នាយព្រែក ឯណេះវិញក៏តែងពិភាក្សានិងសួរនាំរឿងមួយចំនួនដើម្បីឱ្យលោក ទេព រិនដារ៉ូ ជួយផ្តល់យោបល់ នៅក្នុងនាមជាសិល្បករជើងចាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post