លោកឪពុករបស់តារាសម្តែង សឿ សុធារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំដោយសារជំងឺចាស់ជរារួមនឹងវិបត្តិផ្លូវចិត្តក្រោយអ្នកម្តាយរបស់នាងលាចាកលោកកាលពីចុងឆ្នាំ ២០២២ កន្លងទៅ ។ អ្វីដែលធ្វើឱ្យ សឿ សុធារ៉ា កាន់តែខ្លោចចិត្តអាណិតឪពុករបស់ខ្លួននោះគឺលោកមិនបានស្នាក់នៅផ្ទះដែលជាអំណោយរបស់ឯកឧត្តម ខៀវ កាញារិទ្ធ ដោយសារ ផ្ទះនេះមិនទាន់សាងសង់រួចរាល់នឹងជាកន្លែងដែលស្ថិតនៅក្នុងជម្លោះដីធ្លីនៅឡើយ ។
ដ្បិតធ្លាប់មានឈ្មោះជាតារាសម្តែងរៀមច្បងដែលមានឈ្មោះល្បីល្បាញនាពេលកន្លងមកក្តី តែបើគេក្រឡេកមើលទិដ្ឋភាពពិធីបុណ្យសពរបស់ឪពុក សឿ សុធារ៉ា ដែលស្ថិតនៅក្នុងវត្តមួយនៅក្នុងស្រុកកណ្តាលស្ទឹងហាក់មានសភាពស្ងប់ស្ងាត់និងកម្សត់ជាខ្លាំងពោលគេឃើញមានតែអ្នកសិល្បៈតិចតួចបំផុតដែលមានដូចជាលោក សាវិន ហ្វីលីព ឪពុក លី ចាន់សីហា អ្នកនាង ចន ច័ន្ទលក្ខិណា ញឹម ចាន់ថននិង លោក សុវណ្ណ មករា ជាដើម ។
បើតាមការរៀបរាប់របស់ សឿ សុធារ៉ា មុនផុតឪពុករបស់នាងបានប្រាប់ថាម្តាយនាងមកយក តែអ្វីដែលធ្វើឱ្យនាងអាណិតលោកខ្លាំងនោះគឺនាងបានប្រាប់ថាបន្តិចទៀតនឹងមានផ្ទះផ្ទាល់ខ្លួនរស់នៅដែលជាអំណោយរបស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន តែមកដល់ពេលនេះមួយឆ្នាំហើយមិនទាន់បានទទួលផ្ទះថ្មីនោះទេដោយសារដីរបស់បុរីនោះកំពុងមានជម្លោះ ។
មិនខុសពីពិធីបុណ្យសពរបស់អ្នកម្តាយឡើយដោយសារខ្វះខាត សឿ សុធារ៉ា ក៏ទទួលបានជួយពីសំណាក់មិត្តភក្តិរួមអាជីពមួយចំនួន ។ ក្នុងនោះគេក៏បានឃើញវត្តមានលោក សាពូន មីដាដា ដែលជាអតីតស្វាមីក៏មានវត្តមាននៅក្នុងពិធីបុណ្យសពរបស់ឪពុកនាងដែរ ។ អ្នកគាំទ្រជាច្រើនក៏បានចូលរួមរំលែកទុក្ខចំពោះតារាសម្តែងរូបនេះដែលបាត់បង់អ្នកមានគុណជាបន្តបន្ទាប់នៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំហើយអ្វីដែលកម្សត់ចំពេលដែលតារាសម្តែងរូបនេះកំពុងមានជីវភាពដុនដាបថែមទៀត៕