ក្រោយឪពុកទទួលមរណភាពតារាសម្តែង សឿ សុធារ៉ា បានបង្ហាញអារម្មណ៍សោកសៅជាខ្លាំងព្រោះមិនមានលទ្ធភាពឱ្យឪពុករស់នៅក្នុងផ្ទះផ្ទាល់ខ្លួនបាន ។ ក្នុងនោះ សឿ សុធារ៉ា ក៏បានសុំអង្វរម្ចាស់បុរីមួយដែលមានឈ្មោះថា ម៉ន ដានី ដើម្បីសុំបា្រក់ចំនួនពីរម៉ឺនដុល្លារដែលនាងបានបង់រួចមកហើយ តែពេលនេះរយៈពេលមួយមិនទាន់ទទួលបានផ្ទះនៅឡើយទេ ។ ជាមួយគ្នានោះគេក៏បានឃើញម្ចាស់បុរី ម៉ន ដានី បានសន្យាថានឹងរកដំណោះស្រាយឱ្យតារាសម្តែងរូបនេះផងដែរ ។
គេចាំបានថាក្រោយពីធ្លាក់ខ្លួនដល់ចំណុចសូន្យ សឿ សុធារ៉ា ក៏ទទួលបានការអាណិតពីសំណាក់ឯកឧត្តម ខៀវ កាញារិទ្ធ ដោយអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះបានឧបត្ថម្ភទឹកប្រាក់សម្រាប់ឱ្យ សឿ សុធារ៉ា ទិញផ្ទះទុកជាជម្រកផ្ទាល់ខ្លួនរស់នៅជាមួយឪពុកបងស្រី និងកូនៗ ។ បើតាមការលើកឡើងរបស់ សឿ សុធារ៉ា បានឱ្យដឹងថាក្រោយទទួលបានការប្រាក់ពីឯកឧត្តម ខៀវ កញារិទ្ធ ចំនួនពីរម៉ឺនដុល្លារនាងក៏បានយកទៅប្រគល់ឱ្យបុរី ម៉ន ដានី តែមកដល់សព្វថ្ងៃមិនទាន់បានទទួលផ្ទះនៅឡើយទេ ។ ជាចុងក្រោយ សឿ សុធារ៉ា ក៏បានស្នើសុំយកប្រាក់ពីម្ចាស់បុរីមកវិញដើម្បីសាងសង់លំនៅដ្ឋានមួយនៅលើដីមួយកន្លែងនៅខេត្តកំពង់ឆ្នាំង ។
ជាមួយការលើកឡើងរបស់ សឿ សុធារ៉ា គេបានឃើញផេករបស់ម្ចាស់បុរី ម៉ន ដានី បានបង្ហោះសារថា«សូមជម្រាបជូនដំណឹងជូនលោកស្រី សឿ សុធារ៉ាយោងតាមព័ត៌មានទទួលបានពីការបង្ហោះរបស់លោក ហ្វីឡីប សូមលោកស្រី មេត្តាចូលរួមសហការ ជាមួយក្រុមការងារសាងសង់ផ្ទះ លោក ហួត ហយ និងប្រធានគម្រោងលោក លួម ផល្លី ដេីម្បីពិនិត្យឯកសារ និងសំណេីរបស់លោកស្រី ។
សូមស្នើលោកស្រី សឿ សុធារ៉ា ទំនាក់ទំនង និងធ្វើសំណើផ្ទាល់មកកាន់ក្រុមការងារគម្រោងម៉នដានីនិងភូមិដ្ឋានសន្តិភាពដើម្បីក្រុមការងារ មានព័ត៌មានច្បាស់លាស់ មុនឈានដល់ការដោះស្រាយជូន លោកស្រី សឿ សុធារ៉ា។ គ្រប់បញ្ហាត្រូវតែមានដំណោះស្រាយសូមស្នើអតិថិជន មេត្តាសហការផ្ទាល់ជាមួយក្រុមការងារគម្រោង។សូមលោកស្រី សឿ សុធារ៉ា មេត្តាទទួលជ្រាប និងសូមទាក់ទង មកកាន់លោក ហួត ហយ (លេខទូរស័ព្ទ 015 761 718 , តេឡេក្រាម)
បញ្ជាក់៖ ករណីផ្ទះលោកស្រី សឿ សុធារ៉ា គឺអំណោយរបស់ ឯឧ ខៀវ កញ្ញារឹទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន »។
គួរបញ្ជាក់ថានៅក្នុងថ្ងៃទី ០៩នេះក៏ជាថ្ងៃបុណ្យខួប៧ថ្ងៃរបស់លោកឪពុក សឿ សុធារ៉ា ដែលបានទទួលមរណភាពដោយគេឃើញមានអ្នកសិល្បៈចូលរួមដូចជាតារាសម្តែង សារាយ សក្ខណា កែវ ពេជ្រពិសី ដាញ់ ម៉ូនីកា លោក សាវិន ហ្វីលីព និងឪពុក លី ចាន់សីហា ជាដើម ៕