តារាសម្តែងនិងជាអ្នកលក់អនឡាញ គឹម លីហ្សា បានបង្ហាញនូវក្តីតក់ស្លុតជាខ្លាំងក្រោយពីលោកឪពុកបានចាកចេញភ្លាមៗទាំងនៅមានសុខភាពមាំទាំល្អ ។ អ្វីដែលសោកស្តាយនោះតារាសម្តែងរូបនេះបានឱ្យដឹងថាខំរៀបចំបន្ទប់យ៉ាងស្រស់ស្អាតនៅក្នុងផ្ទះវីឡា ដើម្បីជូនឪពុក តែពេលនេះលោកបានចាកចេញទៅដែលធ្វើឱ្យនាងក្តុកក្តួលខ្លាំងណាស់ ។
ឪពុក គឹម លីហ្សា បានចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យវៀតណាមកាលពីប៉ុន្មានថ្ងៃមុនហើយកាលពីថ្ងៃទី១៥ម្សិលមិញនេះក៏បានដឹកត្រឡប់មកស្រុកកំណើតវិញនឹងបានទទួលមរណភាពហើយដែលធ្វើឱ្យតារាសម្តែងរូបនេះរន្ធត់ចិត្តជាខ្លាំង ។ អ្វីដែលគួរឱ្យអាណិតនោះ គឹម លីហ្សា ប្រាប់ថា ឪពុករបស់នាងចាកចេញទាំងនៅមានសុខភាពមាំទាំល្អដោយសារបែបនេះហើយទើបនាងធ្វើចិត្តមិនបាន ។
ឪពុករបស់ គឹម លីហ្សា បានជួបគ្រោះថ្នាក់ដួលត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមួយនៅក្រុងភ្នំពេញនឹងដឹកបន្តទៅសង្រ្គោះនៅប្រទេសវៀតណាម។ឪពុករបស់ គឹម លីហ្សា បានដួលក្នុងពេលដែលនាងនិងស្វាមីបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសចិន កាលពីប៉ុន្មានថ្ងៃមុន។ ដោយសារតែបែបនេះបានធ្វើឱ្យ គឹម លីហ្សា ប្រញ៉ាប់ហោះពីចិនមកប្រទេសវៀតណាមភ្លាមៗដើម្បីមកមើលលោកឪពុកតែជាលទ្ធផលនៅតែមិនអាចសង្រ្គោះបាន។
គឹម លីហ្សា បានរៀបរាប់ថាក្រោយពីម្តាយចាកចេញទៅ ១៧ឆ្នាំឪពុករបស់នាងដើរតួជាម្តាយផងជាឪពុកផងមើលថែទាំកូនមិនដែលឱ្យលំបាកឡើយ។ សូម្បីតែកូនៗរបស់នាងឈឺក៏លោកឪពុកយកទៅមើលថែទាល់តែជាទើបយកចៅមកវិញនាងពិតជាធ្វើចិត្តមិនបានទេ ។ អ្វីដែលសោកស្តាយនោះឪពុករបស់ គឹម លីហ្សា បានចាកចេញដោយមិនទាន់ទាំងបានស្នាក់នៅក្នុងផ្ទះវីឡាថ្មីរបស់នាងដែលបានត្រៀមបន្ទប់យ៉ាងស្រស់ស្អាតសម្រាប់ជូនលោក។
ពេលនេះ គឹម លីហ្សា កំពុងចាត់ចែងពិធីបុណ្យសពលោកឪពុកដែលរៀបចំនៅគេហដ្ឋានដែលស្ថិតនៅក្នុងបុរីអ័រគីដេ ។ ការបាត់បង់លោកឪពុករបស់តារាសម្តែង គឺម លីហ្សា ក៏បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខដល់អ្នកនាងគ្រប់ៗគ្នា ហើយ ក៏មានការផ្តល់កម្លាំងចិត្តដល់អ្នកនាងសម្រាប់ការបាត់បង់ដ៏ធំមួយនេះ៕