ថ្មីៗនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងថាមានគណនីយមួយតែងរំខាននិងគំរាមអ្នកនាងដោយលើកយកឈ្មោះលោកជំទាវម្នាក់មកបន្លាចអ្នកនាង ។ ឆាប់ៗនេះអ្នកនាងត្រៀមនឹងបង្ហាញជាសាធារណៈដើម្បីឱ្យលោកជំទាវម្នាក់នោះជួយរកយុត្តិធម៌សម្រាប់អ្នកនាងនិងសម្រាប់ខ្លួនគាត់ផង ។
ថ្មីៗនេះម្ចាស់បទ«ស្នេហ៍បុ្រសង៉ក់ងរ»រូបនេះបានបង្ហោះសាររៀបរាប់ថា«ខ្ញុំមានរឿងចង់ជម្រាប មានអាខោនមួយបានចូលមករំខានខ្ញុំរាប់ឆ្នាំហើយ វាតែងគំរាមខ្ញុំដោយលើកយកអ្នកធំម្នាក់មកបន្លាច ។ ខ្ញុំមិនចង់ជឿទេ តែវាដដែលៗពេក ដូច្នេះជាជម្រើសខ្ញុំមានតែបង្ហាញជូនភ័ស្តុតាងដែលជាសំនេររបស់វាឆាប់ៗនេះ នៅទីនេះដើម្បីអោយម្ចាស់ខ្លួនគាត់ ( អ្នកធំ ) គាត់ជួយរកយុត្តិធម៌ផង មិនថាសម្រាប់តែខ្ញុំទេ គឺសម្រាប់គាត់តែម្តង។ សូមបងប្អូនរង់ចាំជួយតាមដានផងសូមអរគុណ»។ជាមួយនឹងការលើកឡើងរបស់តារាចម្រៀងរូបនេះក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅខមិនឱ្យអ្នកនាងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីយនោះ។
បើតាមការឆ្លើយឆ្លងជាមួយ ហ្វេន ហ្វេន តារាចម្រៀង ម៉េង កែវពេជ្ជតា ថា ម្ចាស់គណនីយនេះនៅមិនឆ្ងាយពីសិល្បៈទេហើយច្រណែនជាមួយអ្នកនាងទើបធ្វើបែបនេះ តែ មិនមានភាពក្លាហានក្នុងការវាយអ្នកនាងទើបខ្ចីដៃគេមកប្រើ ។តារាចម្រៀងសំឡេងផ្អែមរូបនេះថា ពិតជាសាហាវនិងថោកទាបណាស់តែអ្នកនាងសង្ឃឹមថាអ្នកធំនោះគាត់ដឹងខ្លួន និងជួយរកមុខម្ចាស់គណនីយក្លែងក្លាយនោះមកផ្តន្ទាទោសកុំឱ្យលួចយកឈ្មោះគាត់មកប្រើទៀត ។ បន្ថែមពីនេះតារាចម្រៀងរូបនេះបានលាន់មាត់ថា មួយរយៈធំនេះមានមនុស្សដើរលាបពណ៌ឱ្យអ្នកនាងច្រើនណាស់ តែអ្នកនាងខំតាំងចិត្តមិនក្រោធនិងខំញញឹមហើយ គិតថាទុកអោយពៀររំងាប់ដោយការមិនពៀរ ប៉ុន្តែធ្វើបានយូរដល់ត្រឹមណានោះអ្នកនាងមិនដឹងទេអ្នកនាងជាមនុស្សលោកមិនមែនជាព្រះ មិនមែនជាទេវតាទេ ទ្រាំយូរពេកខ្លាចតែ..កាន់បាត្រអាត្មា ។
អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងដែលមានឈ្មោះល្បីល្បាញលំដាប់ប្រទេសហើយសព្វថ្ងៃអ្នកនាងក៏នៅតែបន្តអាជីពសិល្បៈដដែល ។ បទចម្រៀងរបស់អ្នកនាងនៅតែជាទីពេញនិយមពីសំណាក់អ្នកស្តាប់គ្រប់ស្រទាប់វ័យ៕