មានការភ្ញាក់ផ្អើលជាខ្លាំងដោយនៅរសៀលថ្ងៃទី ២១នេះតារាចម្រៀងប្រចាំផលិតកម្មថោន រតនៈ ពិសី ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
ការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរបស់តារាចម្រៀង រតនៈ ពិសី ដែលមានឈ្មោះពិតថា កែវ ពិសី នោះធ្វើឡើងទៅតាមបណ្តឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដោយបានប្តឹងចោទប្រកាន់ឈ្មោះ រតនៈ ពិសី ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេ ញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានឬការចេញសែកស្អុយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
មិនមានការបញ្ជាក់ថាតើការចេញសែកស្អុយរបស់ រតនៈ ពិសី មានចំនួនប៉ុន្មានឡើយ។ មូលហេតុដែលធ្វើឱ្យតារាចម្រៀង រតនៈ ពិសី ធ្លាក់ខ្លួនជំពាក់បំណុ លគេច្រើនម៉ឺនដុល្លារបែបនេះដោយសារនាងចាញ់បោកតុងទីន ដែលកូនបំណុលរបស់នាងខ្លះបានជាប់ពន្ធនាគារ ហើយខ្លះបានគេចខ្លួន ។
គួរបញ្ជាក់ថា រតនៈ ពិសី ជាតារាចម្រៀងប្រចាំផលិតថោននាងធ្លាប់ជាតារាចម្រៀងដែលជីវភាពហាយសូរមិនធម្មតា តែដោយសារមុខរបរតុងទីនបានធ្វើឱ្យតារាចម្រៀងរូបស្រស់ម្នាក់នេះធ្លាក់ខ្លួនជំពាក់បំណុលជាច្រើនហើយកន្លងមកនាងក៏ធ្លាប់បានឡាយវីដេអូទាំងទឹកភ្នែកដោយរៀបរាប់ថាកាលដែលនាងចេញទៅសម្តែងនៅប្រទេសបារាំងនាពេលកន្លងមកមានប្រាក់នៅក្នុងកាបូបតែ ២០ដុល្លារប៉ុណ្ណោះជារឿងដែលស្ទើរមិនគួរឱ្យជឿ។ ក្រៅពីការងារសិល្បៈ រតនៈ ពិសី ក៏មានមុខរបរផ្ទាល់ខ្លួនដែលនាងតែងតែឡាយលក់ជារៀងរាល់ថ្ងៃតាមអនឡាញ៕