មហាជនអ្នកគាំទ្រតារាកំប្លែងនាយ ស្វិត មានការរន្ធត់ចិត្តជាពន់ពេក ក្រោយពីទទួលបានដំណឹងមរណៈភាពរបស់លោក នៅមុននេះបន្តិច ថ្ងៃត្រង់ទី ២៧ ខែមករា ឆ្នាំ២០២៤នេះ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។។
បើតាមលោក ចាន់ មករា ដែលជាមិត្តភក្ដិជិតស្និទ្ធ នឹងតារាកំប្លែងនាយស្វិតបានថ្លែងប្រាប់សារព័ត៌មានថា នាយស្វិតបានចូលព្យាបាលជំងឺឡើងឈាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្វះគ្រាប់ឈាម ហើយបានបញ្ចូលឈាមចំនួន២កំប្លោក។ ពេលបញ្ចូលឈាមហើយ បែរជាឡើងឈាមខ្លាំងរហូតដល់ខួរក្បាល ទើបមិនអាចជួយសង្គ្រោះបាន។
បើយោងតាមទំព័រហ្វេសបុក សមាគមយុវសិល្បករដេីម្បីសន្តិភាព បានចេញសារចូលរួមរំលែកទុក្ខ ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមយុវសិល្បករដេីម្បីសន្តិភាព មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា នាយស្វិត ដែលជាអ្នកកប្លែងជេីងចាស់ និងមានចូលចិត្តពីបងប្អូនអ្នកគាំទ្រ ក្នុងឱកាសនៃទុក្ខដ៏ក្រៀមក្រំនេះ យើងទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ហើយសូមឧទ្ទិសបួងសួងសុំឲ្យ វិញ្ញាណ ក្ខន្ធ របស់ នាយស្វិត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អ្វីដែលគួរឱ្យស្រណោះនោះ បើតាមឌីជេ កណ្តុរ បាននិយាយថាកាលពីថ្ងៃទី ២៦ ម្សិលមិញនេះ នាយស្វិត មិនមានបញ្ហាអ្វីទេដោយនៅនិយាយជាមួយលោកបានជាធម្មតាដោយប្រាប់ថាចង់ចេញដើរលេង តែលោកមិនបានជូនដោយសារនៅខេត្ត ។
គួរបញ្ជាក់ថា នាយស្វិត ជាតារាកំប្លែងម្នាក់ដែលមានឈ្មោះបោះសំឡេងគួរសមដែលនាយតែងបង្ហាញវត្តមាននៅតាមកម្មវិធីនានានៅក្នុងស្ថានីយទូរទស្សន៍។ ក្រៅពីនេះ នាយ ស្វិត ក៏ជាអ្នកចម្រៀងនៅតាមពិធីកាត់សក់នានាផងដែរ៕