មានការអាណិតអាសូរជាខ្លាំងក្រោយបានឃើញអ្នកលេងបណ្តាញសង្គមម្នាក់បានរៀបរាប់ជាសាធារណៈយ៉ាងខ្លោចផ្សារថាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ារបស់នាង។ស្រី្តរូបនោះ ដែលជាតំណាងគ្រួសារសពក៏សុំឱ្យថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ក៏ដូចជាមានវិធានការចំពោះរឿងនេះ។
ស្រ្តីម្នាក់ដែលមានគណនីយហ្វេសប៊ុកហ្វេសប៊ុកដែលមានឈ្មោះថាSreypich Thou បានរៀប រាប់ពីដើមចមនៅក្នុងរឿងនេះព្រមទាំងបង្ហាញរូបភាពបុរសម្នាក់ដែលបញ្ជាក់ថាជាអ្នកបើកបររថយន្តសាមុយនៅក្នុងមន្ទីរពេទ្យនេះថា«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!តើមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី ២៦ ខែមករា ប៉ាខ្ញុំមានអាការៈសន្លប់បាត់បង់ស្មារតីខ្ញុំនឹងម៉ាក់បានដឹកប៉ាមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី)មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង40នាទីបន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហើយពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេcallដាស់ពេទ្យស្កែន នឹងតម្រូវអោយបង់ប្រាក់មុនស្កែនម្តងទៀត។
បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន១កន្លែងទៀតដោយក្រុមតែ១នាក់គត់ រឿងដដែលកើតឡើងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេលcallដាស់ពេទ្យម្តងទៀត។មិនមានការបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡើយគាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង៤:៣០ ដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនឹងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ។
រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនអោយចូល ដោយនិយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតអោយឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហើយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរ៉ុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លើសពីនោះទៅទៀតគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុ ញ្ញាតអោយបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហើយរឺនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅ រហូតដល់ម៉ោង៨ព្រឹកទើបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហើយ!ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវអោយរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង»។ ជុំវិញការលើកឡើងរបស់គណនីយរូបនោះក៏មានការចែករំលែកនិងបានបញ្ចេញយោបល់ជាច្រើន ។ ដោយមតិមួយចំនួនក៏បានលើកឡើងថាខ្លួនក៏ធ្លាប់បានជួបហេតុការណ៍បែបនេះដែរ ជាពិសេសនៅក្នុងមន្ទីរពេទ្យរដ្ឋ តែមិនបានបញ្ចេញឈ្មោះចំៗនោះឡើយ៕