ក្រោយពីស្ងប់ស្ងាត់មួយរយៈមកថ្មីៗនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានចេញមុខនិយាយរិះគន់ចំៗចំពោះការដឹកនាំរបស់ប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ថាដឹកនាំយូរទៅអត់ទៅមុខដឹកនាំរបៀបបក្ខឱ្យដើររើសស៊ីតាមសមាជីវោហើយបើអ្នកនាងខ្លួនឯងមិនខ្លាំងទេប្រហែលដើរសុំទានគេបាត់ហើយ ។
ផ្ទុះកក្រើកឡើងវិញដោយសារថ្មីៗនេះម្ចាស់បទ«ស្នេហ៍ប្រុសង៉ក់ង»បានឡាយវីដេអូបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈ ។ តារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងថា«ខ្ញុំជាម្ចាស់សន្លឹកឆ្នោតម្នាក់ដែរខ្ញុំក៏ធ្លាប់ចូលរួមបោះឆ្នោតដែរចឹងខ្ញុំអាចតវ៉ាបានដឹកនាំរបៀបបក្ខពួករបៀបឱ្យដើររើសស៊ីតាមសមាជីវោខ្ញុំអត់អាចទទួលយកបានទេ។
សិល្បៈមិនមែនត្រូវទទួលកិត្តិយសបែបនេះទេសិល្បៈមិនមែនបានត្រឹមតែលើកដៃសំពះសុំទានគេសិល្បៈជាមុខមាត់ជាតិ។បើដឹកនាំរបៀបខ្ញុំអត់បាយខ្ញុំអត់ការងារអ្នកនេះវេទនាអ្នកនោះវេទនាចឹងអ្នកឯងដឹកនាំធ្វើអីប្រយោជន៍អីក្រែងគេឱ្យមកហ្នឹងជាអាណាព្យាបាលគេសិល្បៈខ្វះការងារយើងត្រូវរកការងារឱ្យពួកគាត់ព្រោះយើងមានទំនាក់ទំនងស្គាល់ជាមួយមនុស្សច្រើន»។
មិនតែប៉ុណ្ណោះតារាចម្រៀងដែលធ្លាប់មានឈ្មោះល្បីល្បាញរូបនេះបានបញ្ជាក់ទៀតថាបើអ្នកនាងមិនខ្លាំងទេជិត១០ឆ្នាំនេះអ្នកនាងក៏ត្រូវសុំទានដូចអ្នកសិល្បៈមួយចំនួនដែរ ។អ្វីដែលកត់សម្គាល់តារាចម្រៀងរូបនេះក៏កំពុងទាមទាររកភាពស្អាតស្អំរបស់ខ្លួនក្រោយពីមានកាអះអាងថាអ្នកនាងត្រូវគេបំបិទទាំងការងារឯកជនក៏ដូចជាការងារឡើងឆាកតន្ត្រីផ្សេងៗនិងច្រៀងតាមពិធីមង្គលការហើយសូម្បីការច្រៀងនៅក្នុងកម្មវិធីអត់លុយក៏ត្រូវគេបំបិទដែរ។តារាចម្រៀង ម៉េង កែវពេជ្ជតា បានបន្តត្អូញត្អែរថាសព្វថ្ងៃអ្នកនាងរកស៊ីមិនកើតទេពោលគេខ្ទាស់រហូត ។
ការចេញមុខរិះគន់ចៗបែបនេះចំពោះតារាសម្តែង ចន ច័ន្ទលក្ខិណា ទំនងជាមានការអាក់អន់ចិត្តក្រោយឃើញប្រធានសមាគមសិល្បៈបង្ហាញភាពស្និទ្ធស្នាលជាមួយអ្នកនាង សារីណា ដែលជាភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា ដែលបានមកស្រុកខ្មែរកាលពីប៉ុន្មានថ្ងៃមុននេះដើម្បីមកធ្វើការងារតាមផ្លូវច្បាប់ជាមួយខ្លួន។ ទោះជាមានការលើកឡើងជាសាធារណៈចំៗបែបនេះក្តី តែគេមិនទាន់ឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខប្រតិកម្មនោះឡើយ៕