ក្រោយផ្ទុះការរិះគន់ចំពោះអ្នកសិល្បៈដែលបានផ្សព្វផ្សាយល្បែងតាមអនឡាញហើយក៏មាន តារាមួយចំនួនបានសន្យាថានឹងឈប់ទទួលការផ្សព្វផ្សាយបែបនេះដែរ ។ អ្វីដែលគួរឱ្យកត់ស ម្គាល់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលបានបង្ហើរសំនៀងនៅក្នុងបទចម្រៀងឃោសនាហេ្គមអនឡាញនាពេលកន្លងមកយ៉ាងផុសផុលនោះក៏បានចេញមុខបញ្ជាក់ច្បាស់ៗដល់ហ្វេន ហ្វេនចំពោះរឿងនេះ ។
គួររំឮកថាក្រោយពីមានការរិះគន់បង្ហាញការមិនពេញចិត្តចំពោះតារាកំប្លែង នាយគ្រឿន ពីសំណាក់មហាជនមកតារាចម្រៀងល្បី តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលរួមផ្សព្វផ្សាយហ្គេមអនឡាញដែលគេតែងឃើញបទចម្រៀងរបស់នាងផ្សព្វផ្សាយនាពេលកន្លងមកបានចេញមុខរៀបរាប់ថានាងបានបញ្ចប់កិច្ចសន្យាផ្សាយល្បែងអនឡាញតាំងពីចុងឆ្នាំ ២០២២ម្លេះ។
តារាចម្រៀងរូបនេះបានបង្ហោះសំណេរថា«នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូនឱ្យបានជ្រាបថានាងខ្ញុំបានបញ្ចប់កុងត្រាការផ្សាយ Game online តាំងពីចុងឆ្នាំ 2022 មកម្ល៉េះហើយនាងខ្ញុំក៏មិនបានទទួលការងារផ្សព្វផ្សាយទៀតដែរតាំងពីពេលនោះមក។សូមមេត្តាភាគីក្រុមហ៊ុនគោរពនូវកិច្ចសន្យានឹងបញ្ឈប់ការផ្សព្វផ្សាយជារូបភាពនិងវីដេអូដែលធ្វើឱ្យពុកម៉ែបងប្អូនមានការយល់ច្រឡំ។ហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនម្តងទៀតថានាងខ្ញុំមិនទទួលផ្សាយ Game online តាំងពីឆ្នាំ2022មកម្ល៉េះ។
ជុំវិញការលើកឡើងរបស់តារាចម្រៀងដ៏លេចធ្លោប្រចាំផលិតកម្មរបស់អ្នកឧកញ៉ារូបនេះក៏បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនបានស្ងប់ចិត្តចំពោះអាយដលខ្លួន តែក៏មានមតិខ្លះបានលើកឡើងថាបើបញ្ចប់កិច្ចសន្យាតាំងពីចុងឆ្នាំ ២០២២ ទៅហើយហេតុអ្វីក៏គេនៅតែឃើញបទចម្រៀងរបស់កញ្ញាដែលផ្សព្វផ្សាយហ្គេមនោះនៅតែបន្តបង្ហោះនៅក្នុងផេកបែបនេះ ? តន់ ច័ន្ទសីម៉ា បានតបថាខាងក្រុមការងាររបស់នាងជូនដំណឹងទៅរហូត តែផេកនៅតែបន្តបង្ហោះបែបនេះ ។ ទោះបីជាយ៉ាងនេះក្តីក៏មានខមិនខ្លះលើកឡើងថាដោយសារខ្លាចពាក្យរិះគន់ដូច នាយគ្រឿន ទើប តន់ ចន្ទសីម៉ា ប្រញ៉ាប់ចេញមុខបកស្រាយភ្លាមៗបែបនេះ៕