ក្រោយមានការពេញចិត្តពីសំណាក់អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈមួយចំនួនក្នុងការជ្រើសតាំងតារាពហុជំនាញ ខាត់ សុឃីម សម្រាប់បោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីនោះ។ តារាចម្រៀង ស៊ូ ដាណេ បែរជាលើកឡើងថាចង់ឱ្យអ្នកនាង ខាត់ សុឃីម មើលថែវង់ភ្លេងគ្រួសារនិងរបរអនឡាញឱ្យជាប់ចុះកុំមករវល់នាំតែបង់ខាតនោះទេ ។
គួរបញ្ជាក់ថាក្នុងពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ថានឹងត្រៀមបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈសម្រាប់អណត្តិថ្មីនៅគ្នុងឆ្នាំ ២០២៤នេះក៏មានការចែករំលែកព្រោងព្រាតនៅក្នុងបណ្តាញសង្គមក្នុងការពេញចិត្តឱ្យតារាចម្រៀង ខាត់ សុឃីម ធ្វើជាប្រធានសមាគមសិល្បៈព្រោះអ្នកនាងមានបទពិសោធន៍ផ្នែកសិល្បៈច្រើនឆ្នាំ។
ជាមួយនឹងការអរគុ ណអ្នកនាង ខាត់ សុឃីម ក៏មានអារម្មណ៍រីករាយសម្រាប់ការគាំទ្រនេះដោយលើកឡើងថា« រឿងឈរឈ្មោះជាប្រធានសមាគមន៍សិល្បករ នាងខ្ញុំមិនបានដឹង រឺ ត្រៀមទុកមុន ធ្វើនោះទេ ប៉ុន្តែ បើមានការគាំទ្រ នឹង ទុកចិត្តពីបងប្អូនសិល្បៈករ ទស្សនិកជន នាងខ្ញុំនឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ» ។ ជាមួយនឹងការលើកឡើងរបស់តារាពហុជំនាញរូបនេះបានធ្វើឱ្យអ្នកសិល្បៈក៏ដូចជាអ្នកលេងបណ្តាញសង្គមភាគច្រើនបានបង្ហាញការពេញចិត្តនឹងគាំទ្រចំពោះតំណែងមួយនេះថាពិតជាស័ក្តិសមជាមួយអ្នកនាង ។
អ្វីដែលកត់សម្គាល់ក្នុងនោះគេបានឃើញតារាចម្រៀង ស៊ូ ដាណេ បានបង្ហាញការមិនពេញចិត្តដោយបានលើកឡើងត្រង់ៗចំពោះអ្នកនាង ខាត់ សុឃីម ថា«អរគុណបងស្រីដែលចង់លះបង់សម្រាប់ខ្ញុំសុំឱ្យបងមើលថែតែក្រុមវង់ភ្លេងគ្រួសារបង និងមុខរបរអនឡាញបងឱ្យជាប់ចុះ បើមករវល់នឹងពួកខ្ញុំ នាំតែខាតបង់នោះទេ គឺខាតបង់ទាំងស្រុងរឿងឈ្នានីសអុចអាលបែបគំនិតស្រីៗនិងប្រុសចរិតស្រីជាដើម ។
ខ្ញុំសូមឱ្យប្រធានសមាគមជាបុរសពេញលក្ខណៈ មានចំណេះដឹងទូទៅពេញលេញ ពិតប្រាកដមិនមែនលើកស្ទួយតែមួយផ្នែកលាបពណ៌មួយផ្នែកនោះទេ ! សូមទោសចំពោះការលើកឡើងនេះផង»។បើតាមការឆ្លើយឆ្លងជាមួយអ្នកលេងបណ្តាញសង្គម តារាចម្រៀងសម្បុរស្រអែមរូបនេះថា អ្នកនាង ខាត់ សុឃីម មានសមត្ថភាពផ្នែកសិល្បៈ តែមានការខ្វះខាតផ្នែកផ្លូវច្បាប់ ៕