មានការចាប់អារម្មណ៍ជាខ្លាំងដោយលោក អ៊ឹម ជីវ៉ា ដែលបានបដិសេធមិនឈរឈ្មោះជាប្រធានសមាគមសិល្បៈនោះបានសម្រេចចិត្តប្តូរជាថ្មីដោយប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈ។ ស្របវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាអតីតអ្នកសិល្បៈក៏បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈដែរ ។
ក្រៅពីតារាពហុជំនាញ ខាត់ សុឃីម ដែលទទួលបានការពេញចិត្តជាបេក្ខភាពសម្រាប់ឈរឈ្មោះជាប្រធានសមាគមសិល្បៈនោះ ។ពេលនេះមហាជនក៏ដូចជាសិល្បករការិនីជាច្រើនបានបង្ហាញការស្រឡាញ់និងគាំទ្រជាខ្លាំងក្រោយពីបានឃើញអតីតតារាសម្តែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បៈសម្រាប់អណត្តិថ្មីនេះ។
អ្វីដែលកត់សម្គាល់ខណៈកំពុងមានសន្ទុះនៃការពេញចិត្តចំពោះបេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នោះគេបានឃើញលោក អ៊ឺម ជីវ៉ា ក៏បានប្រកាសនៅក្នុងថ្ងៃនេះថាលោកនឹងឈរឈ្មោះជាប្រធានសមាគមសិល្បៈដើម្បីប្រកួតប្រជែងជាមួយបុគ្គលល្បីៗខ្លាំង។
ការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការងឿងឆ្ងល់ព្រោះកាលពីថ្ងៃទី ២០ ម្សិលមិញលោកបានច្រានចោលចំពោះការឈរឈ្មោះនៅក្នុងតំណែងមួយនេះ។ ប៉ុន្តែលោក អ៊ឹម ជីវ៉ា បានលើកឡើងថាការប្តូរចិត្តរបស់លោកដោយសារមានហេតុនិងផល ។
ក្រៅពីការបើកបង្ហាញពីជីវប្រវត្តិការងារកន្លងមកជាសាធារណៈលោក អ៊ឹម ជីវ៉ា បានបង្ហោះសារថា«ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមប្រកាសថានិងឈឈ្មោះជាបេក្ខភាព ជាប្រធានសមគមសិល្បករខ្មែរថ្មី ខ្ញុំស្ម័គ្រចិត្តចូលរួមប្រកួតប្រជែងជាមួយបងប្អូនបុគ្គលល្បីៗខ្លាំងៗ បើទោះដឹងថា ជាប់ឬមិនជាប់ក៏ខ្ញុំបានវិលសារជាថ្មី ចូលរួមបំរើជាមួយសមាគមមួយនេះ ព្រោះខ្ញុំនៅតែមានបេះដូងជួយ ទោះខ្ញុំមិនមែនជាសេដ្ឋីឬជាឧកញ៉ា តែខ្ញុំប្រើបេះដូងពិតជួយដល់សមាគមមួយនេះ ជាពិសេសជួយអោយទាន់ពេលវេលារនិងសេចក្តីត្រូវការរបស់សិល្បៈមិនមែនឈឺបានជូនលុយ មិនមែនស្លាប់បានយកលុយចូលបុណ្យ គឺត្រូវរកការងារអោយសិល្បៈធ្វើ ចំនែកឯសិល្បៈ ជើងចាស់ ពិសេសសិល្បៈជនពិការ ត្រូវលើកឡើងជាអតីភាពនៃសមាគមសិល្បករខ្មែរអាណិត្តថ្មីនេះ»។គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អតីតតារាសម្តែងនិងពិធីការិនីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានអតីតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈបន្ទាប់ពីបរាជ័យនៅក្នុងការដាក់បេក្ខភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឈរឈ្មោះជាប្រធានសមាគមសិល្បៈ៕