ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាលើកទីពីរ បរិច្ចាគដល់មណ្ឌលមែកឈើ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់កុមារកំព្រា-ក្រីក្រឥតទីពឹង កុមារអនាថា កុមារពិការ និងកុមាររងគ្រោះផ្សេងៗប្រមាណជាង ១៦០នាក់ ដែលកំពុងប្រឈមការខ្វះខាតឱ្យទទួលបាននូវការទំនុកបម្រុងគ្រប់គ្រាន់ និងឱកាសទទួលបានការយកចិត្តទុកដាក់និងការរស់នៅសមរម្យ ជាពិសេសគឺដើម្បីផ្ដល់ឱ្យពួកគេមានលទ្ធភាពបន្តការរៀនសូត្រសម្រាប់បំពេញក្ដីសុបិន្តនាពេលអនាគត។ ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើងនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី៣ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជាមនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម ខណៈពួកគេជាធនធានដ៏សំខាន់ និងជាអនាគតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សូមរំលឹកថា មណ្ឌលមែកឈើពីមុនគឺជាសមគមជនឥតទីពឹង ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៤ និងទទួលស្គាល់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងសង្រ្គោះកុមារកំព្រាគ្មានទីពឹង កុមារក្រីក្រ កុមារអនាថា កុមារពិការ កុមាររងគ្រោះផ្សេងៗ ស្ដ្រី និងចាស់ជរាគ្មានទីពឹង៕