header ads

Sponsor

ដើម្បីឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្របានដឹងច្បាស់ពេលនេះតារាពហុជំនាញ ខាត់ សុឃីម បានសម្រេចចិត្តមិនឈរឈ្មោះជាប្រធានសមាគមសិល្បៈទៀតឡើយ ។ ការលើកឡើងបែបនេះក្រោយពីតារាពហុជំនាញរូបនេះបានឃើញលោកជំទាវឧកញ៉ាដែលជាអតីតសិល្បការិនី ស្រីតូច ចំណាន ប្រកាសឈរឈ្មោះជាប្រធានសមាគមសិល្បៈដោយទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់អ្នកសិល្បៈច្រើនក៏ដូចជាអតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន ទៀត     ផង។

គេចាំបានថាក្រោយប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសស្វាគមន៍ដល់សិល្បករការិនីដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមនោះគេឃើញមានការចែករំលែករូបភាពតារាពហុជំនាញ ខាត់ សុឃីម ជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមនឹងគាំទ្រចង់ឱ្យតារារូបនេះក្លាយជាប្រធានសមាគមសិល្បៈថ្មី ។

បើតាមការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម កាលពីពេលថ្មីៗនេះបានឱ្យដឹងថា តាំងពីដើមមកអ្នកនាងមិនដែលមានបំណងចង់អង្គុយនៅកៅអីមួយនេះទេ តែក្រោយឃើញមានការគាំទ្រពីសំណាក់បងប្អូនមហាជននិងទទួលបានការលើកទឹកចិត្តពីសំណាក់ស្វាមីនោះ ខាត់ សុឃីម បានសម្រេចចិត្តនឹងឈរឈ្មោះជាបេក្ខភាពសម្រាប់អណត្តិថ្មីនេះដើម្បីសាកល្បងសមត្ថភាពខ្លួននៅក្នុងការតំណែងថ្មីនេះ ។ប៉ុន្តែយ៉ាងណាពេលនេះអ្នកនាង ខាត់ សុឃីម បានសម្រេចប្តូរចិត្តក្រោយឃើញវត្តមានជំទាវឧកញ៉ា ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកា សជាបេក្ខភាពនៅក្នុងតំណែងមួយនេះ ។

ក្នុងនោះតារាពហុជំនាញរូបនេះបានលើកហេតុផលថាមូលហេតុអ្នកនាងសម្រេចដកខ្លួនដោយសារយល់ថាសមត្ថភាពខ្លួននៅមានកម្រិត ជាពិសេសថវិកាតែម្តង។ អាចនិយាយថាអ្នកនាងត្រូវទៅរៃអង្គាសលុយពីសប្បុរជននានាដើម្បីជួយដល់សិល្បៈ។ ប៉ុន្តែពេលនេះក៏បានសប្បាយចិត្តដោយបានអ្នកមានធនធានច្រើនបានដឹកនាំដែលអាចជួយដល់សិល្បៈដោយមិនបាច់ទៅសុំគេ។តារារូបនេះបានបន្តថា ប្រសិនមានអ្នកមានលុយច្រើនកាន់តំណែងនេះយើងត្រេកអរ តែសុំសំណូមពរអ្នកសិល្បៈទាំងអស់កុំដណ្តើមគ្នាឈ្នះ ត្រូវរួបរួមគ្នាដើម្បីជួយឱ្យសិល្បៈបានរីកលូតលាស់ ។ចុងក្រោយតារាពហុ ខាត់ សុឃីម ក៏សំណូមពរឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាផ្តល់ឱកាសឱ្យក្មេងៗជំនាន់ក្រោយឱ្យបានរៀនផ្នែកសិល្បៈដើម្បីឱ្យមានគ្រឹះចេញពីសាលាវិចិត្រសិល្បៈដូចអ្នកសិល្បៈរៀមច្បងជំនាន់មុន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post