header ads

Sponsor

ក្រោយពីបង្ហោះវីដេអូរបស់ខ្លួនដែលបានទៅសួរសុខទុក្ខដល់លោកយាយ ណយ សំណាង ជាអតីតអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លងដ៏ល្បីកាលពីថ្ងៃទី ១០ ម្សិលមិញនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រចំពោះទង្វើរបស់ នេនទុំ ។ ប៉ុន្តែយ៉ាងណាក៏មានការបញ្ចេញមតិមួយចំនួនថា នេនទុំ ធ្វើបែបនេះដើម្បីឆ្លៀតឱកាសកេងចំណេញនៅក្នុងរឿងដែលកំពុងផ្ទុះតែប៉ុណ្ណោះ ។

ប៉ុន្មានថ្ងៃចុងក្រោយនេះរូបភាពរបស់អ្នកចម្រៀងអាយ៉ៃដ៏ល្បីលោកយាយ ណយ សំណាង បានផ្ទុះការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លងរូបនេះបានលេចមុខនៅក្នុងកម្មវិធីទិវាវប្បធម៌ឆ្នាំ ២០២៤ កាលពីប៉ុន្មានថ្ងៃមុននេះជាមួយកូនប្រុសតារាចម្រៀង វណ្ណា សិក្ត ។ អ្នកគាំទ្រលោកយាយ ណយ សំណាង សុទ្ធតែបង្ហាញក្តី អាណិតអាសូរក្រោយពីបានឃើញសុខភាពទ្រុឌទ្រោមខ្លាំងរបស់លោកយាយ ។ ស្របជាមួយគ្នានេះកាលពីថ្ងៃទី ១០ ម្សិលមិញ នេនទុំ ក៏បានបង្ហាញវីដេអូទៅសួរសុខទុក្ខលោកយាយ និងបានច្រៀងបទអាយ៉ៃដែលធ្វើឱ្យលោកយាយ ណយ សំណាង សើចយ៉ាងពេញទំហឹង។

វីដេអូរបស់ នេនទុំ និងលោកយាយ ណយ សំណាង ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តនិងសរសើរពីទឹកចិត្ត នេនទុំ ដែលសុខចិត្តចំណាយពេលវេលាទៅសួរសុខទុក្ខ ចំពោះតារារៀមច្បង។

ប៉ុន្តែក្នុងនោះគេក៏បានឃើញអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះវីដេអូរបស់តារាម្រៀង នេនទុំ ដោយបានលើកឡើងចំៗថា«ជនឈ្លាតឪកាស» «កុំយកគាត់មកធ្វើជាឧបករណ៍រកស៊ីអីពេលគេមិនបង្ហោះរូបគាត់តើអ្នកនៅឯណាមនុស្សកាំមេរ៉ាមិនសំដៅលើនេនទុំតែម្នាក់ទេគឺគ្រប់មនុស្សដែលឈ្លៀតឱកាសកេងចំណេញតាមរយៈកាំម៉េរ៉ា»។ មិនរង់ចាំយូរ នេនទុំ បានចេញមុខតបថា តាមពិតវីដេអូដែលលោកបានទៅសួរសុខទុក្ខលោកយាយ ណយ សំណាង នោះជាវីដេអូចាស់ទេហើយមូលហេតុដែលលោកបង្ហោះឡើងវិញក្នុងគោលបំណងឱ្យមហាជនច្រើនបានដឹងពីសុខទុក្ខក្រែងមានសប្បុរសជនចង់ជួយដល់លោកយាយឱ្យមានជីវភាពប្រសើរជាងនេះ។ លោកគ្មានបំណងអ្វីផ្សេងឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post