header ads

Sponsor

បើទោះបីជាមានការមិនពេញចិត្តពីសំណាក់សិល្បករការិនីចំពោះការដឹកនាំរបស់អ្នកនាង​ ចន ច័ន្ទលក្ខិណា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្នុងតួនាទីជាប្រធានសមាគមសិល្បៈក្តី តែអ្នកនាង បានលើកឡើងថានៅតែមានការគាំទ្រចង់ឱ្យអ្នកនាងឈរឈ្មោះជាបេក្ខភាពមួយរូបនេះនៅក្នុងអណត្តិថ្មីនេះ ។ ប៉ុន្តែអ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្តថាមិនឈរឈ្មោះជាបេក្ខភាពទៀតឡើយ ។

ខណៈកាន់តំណែងជាប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា កន្លងមកហាក់ទទួលរងការរិះគន់ជាច្រើនពីសំណាក់អ្នកសិល្បករការិនីដោយខ្លះបានលើកឡើងថាសមាគមសិល្បៈរបស់អ្នកនាងជាទីងមោង ប្រកាន់បក្ខពួកនិងមិនមានការស្វែងរកទីផ្សារដល់សិល្បករការិនីជាដើម។អ្វីដែលកត់សម្គាល់ខណៈជិតបោះឆ្នោតជ្រើសប្រធានសមាគមសិល្បៈថ្មីនាខែកក្កដាខាងមុខនេះអ្នកនាង​ ចន ច័ន្ទលក្ខិណា បានប្រកាសថាមិនឈរឈ្មោះជាបេក្ខភាពទៀតឡើយ ហើយក៏មិនមែនដោយសារតែការរិះគន់របស់មហាជនក៏ដូចជាអ្នកសិល្បៈមួយចំនួនដែរ ។ ក្នុងនោះតារាសម្តែងរូបនេះក៏បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយថា​«សិល្បកររៀមច្បងខ្លះ នៅតែព្យាយាមនិយាយប៉ះពាល់ដល់តួនាទីប្រធានសមាគមសិល្បៈដដែលៗសឹងគ្រប់ការ Live របស់គាត់ កន្លងមករៀមច្បងតែងនិយាយក្នុងការ Live ជារៀងរាល់ពេល គឺ តែង រិះគន់ខ្ញុំផង ចោទប្រកាន់ខ្ញុំផង មើលងាយខ្ញុំផង ជាន់ឈ្លីកិត្តិយសតួនាទីការងារខ្ញុំគ្រប់បែបយ៉ាងទាំងនាងខ្ញុំមិនតបតអ្វីសោះ ហើយនាងខ្ញុំក៏បានបកស្រាយដោយសុជីវធម៌រួចមកហើយ តែរៀមច្បងនៅតែមិនស្តាប់ ឬ ធ្វើពើនិងនៅតែបំពានបំផ្លើស មុសានាងខ្ញុំគ្រប់បែបយ៉ាង នេះឬទង្វើគំរូដ៏ល្អរបស់សិល្បករ សិល្បការនីរៀមច្បងដែលចង់អោយក្មេងៗគោរពយកគំរូតាម?

បើចង់អោយខ្ញុំឆាប់ចុះចេញពីតំណែងនេះតាមចិត្តរៀមច្បងសូមរៀមច្បងប្រើការអត់ធ្មត់បែបមនុស្សដែលមានចរិតចាស់ទុំខ្លះទៅព្រោះនាងខ្ញុំបានប្រកាសហើយថានឹងមិនឈរឈ្មោះបោះឆ្នោតទៀតទេទោះបីជាមានការជំរុញលើកទឹកចិត្តពីសិល្បករចាស់ជរានិងបងប្អូនសិល្បៈជាច្រើនក្ដីហើយខ្ញុំចង់បញ្ជាក់ប្រាប់រៀមច្បងថាមិនមែនខ្ញុំមិនអាចត្រឡប់មកឈរឈ្មោះអោយគេបោះឆ្នោតបានដោយយោងតាមការខមមិនរិះគន់របស់មហាជនដូចរៀមច្បងចោទនោះទេ បើរៀមច្បងចង់យកប្រជាប្រិយភាពតាមរយះការខមមិនរបស់មហាជនមករើសប្រធានសមាគមសិល្បៈក្នុងអាណត្តិថ្មី ក្នុងនោះក៏មានបេក្ខភាពរៀមច្បងម្នាក់ដែរដែលមហាជនមិនគាំទ្រ។

នាងខ្ញុំគ្រាន់តែចង់យកពេលដែលនៅសេសសល់ ខិតខំបំពេញតួនាទីក្នុងនាមជាប្រធានសមាគមឱ្យបានល្អតែប៉ុណ្ណោះ ជាពិសេសគឺរៀបចំឱ្យការបោះឆ្នោតជ្រើសរើសប្រធានសម្រាប់អាណត្តិថ្មីប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈសិល្បករម្ចាស់សន្លឹកឆ្នោត ដូច្នេះសូមរៀមច្បងទុកឱកាសអោយខ្ញុំបំពេញតួនាទីអោយបានចប់ចុងចប់ដើមផង ខ្ញុំមិនដើរចេញមុនកំណត់ដូចរៀមច្បងនិយាយបំពានការពិតពីខ្ញុំនោះទេ ។

ដោយឡែកចំពោះបញ្ហាស្វែងរកទីផ្សារជូនដល់សិល្បករ គឺ សមាគមមិនមានអំណាចឬបុព្វសិទ្ធពិសេសអ្វីក្នុងការស្វែងរកការងារជូនសិល្បករបានគ្រប់គ្នានោះទេ ប៉ុន្តែសមាគមគ្រាន់តែមានលទ្ធភាពត្រឹមការអំពាវនាវដល់សិល្បករគ្រប់ៗរូប អោយពង្រឹងបន្ថែមនូវសមត្ថភាព បង្កើតការទំនាក់ទំនងល្អ និង បង្កើនប្រជាប្រិយភាពអោយកាន់តែខ្លាំង ព្រោះថាស្ថានភាពការប្រកួតប្រជែងក្នុងទីផ្សារសិល្បៈគឺមានទំហ៊ំធំទូលំទំលាយ សិល្បករថ្មីៗរះមកច្រើន ឯតំរូវការការងារគឺនៅមានកំរិត ចាំបាច់ម្នាក់ៗត្រូវខិតខំខ្លួនឯងផងដែរ ហើយក៏អាស្រ័យទៅលើអត្តចរិតបុគ្គលម្នាក់ៗដែលធ្វើការចុះសម្រុងជាមួយក្រុមការងារ និង ការទំនាក់ទំនងល្អនិងសង្គម ។ ហើយការចោទប្រកាន់ថាសមាគមបក្សពួក តើបក្សពួកត្រង់ចំណុចណា ចំពោះអ្នកណាខ្លះ ឬ យកបញ្ហាផ្ទាល់ខ្លួនឯងមកចោទសមាគម ? ចំពោះបញ្ហារបស់រៀមច្បងកន្លងមកគឺ ប្រធានក្រុមប្រឹក្សាភិបាលជាអ្នកធ្វើការងារនេះជាមួយរៀមច្បង តែរៀមច្បងនៅតែទាមទារអោយប្រធានចេញមុខដោយផ្ទាល់ ។ តើរៀមច្បងចង់បានអ្វីអោយប្រាកដ បើរៀមច្បងចង់បានភាពកក់ក្តៅការសួរសុខទុក្ខពីប្រធាន ចាំបាច់អ្វីរៀមច្បងជ្រើសយកការ Live និយាយបែបដៀមដាមញ៉ុះញង់អោយហ្វេនៗរបស់រៀមច្បងមកជេរវាយប្រហារខ្ញុំជាប្រធានធ្វើអី ? សូមកុំព្យាយាមចង្អុលមកអ្នកដទៃ ដោយភ្លេចថា ម្រាមដៃ៤ទៀត បានចង្អុលមកខ្លួនឯង។ នាងខ្ញុំជឿជាក់ថា សាធារណជនមួយចំនួន ថ្នាក់ដឹកនាំ ជាពិសេសបងប្អូនសិល្បករ-សិល្បការិនី មួយចំនួនធំលោកយល់ច្បាស់ ហើយនិងបានដឹងពីទង្វើរបស់រៀមច្បងកន្លងមកនិងបចុប្បន្ន ព្រោះលោកមានសុភវិនិច្ឆ័យគ្រប់គ្រាន់ដើម្បីចូលរួម និងគាំទ្រសមាគមសិល្បករខ្មែរ។ក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ កំពុងតែរៀបចំនិតិវិធី និង គោលការណ៍ក្នុងការបោះឆ្នោតជាមួយ និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាខែកក្កដាខាងមុខនេះ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post