header ads

Sponsor

ខណៈហោរាសាស្ត្រធ្វើការទស្សន៍ទាយថាទេវតានៅក្នុងឆ្នាំរោងនេះសោយសាច់ទ្រាយ ជាសាច់ឈ្លូសដែលអាចដាក់ថ្វាយជំនួសដោយងៀតគោកញ្ចប់នោះបានធ្វើឱ្យមហាជនមួយភាគធំមានការហួសចិត្តជាខ្លាំង ។ ក្នុងនោះដែរតារាកំប្លែងជើងចាស់ដែលមានងារជាឧកញ៉ា ឃ្លោក បានលើកជាសំណួរថាតើការទស្សន៍ទាយហោរាសាស្ត្របែបនេះជាការទាយប្រចាំប្រទេសឬជាសកល ហើយទាយតំណាងឱ្យខ្មែរឬបរទេស ?

មិនត្រឹមជាមានឈ្មោះជាតារាកំប្លែងប៉ុណ្ណោះទេឧកញ៉ា ឃ្លោក តែងចូលរួមបញ្ចេញយោបល់ឬគំនិតចែករំលែកផ្សេងៗដែលមានប្រយោជន៍ដល់សង្គម ។ តួយ៉ាងនៅក្នុងថ្ងៃទី ១១ ម្សិលមិញនេះតារាកំប្លែងចាស់វស្សារូបនេះបានឡាយវីដេអូបញ្ចេញមតិខ្លះៗជុំវិញការលើកឡើងរបស់ហោរាសាស្ត្រដែលបានទាយថាទេវតានៅក្នុងឆ្នាំនេះសោយសាច់ឈ្លូស តែអាចជំនួសដោយងៀតគោបាន។«ខ្ញុំមិនទទួលយកបានហើយក៏មិនសែនតាមហោរាសាស្ត្រដែរ ខ្ញុំដាក់ដូង ត្នោតនិងផ្លែឈើផ្សេងៗតាមហ្នឹងឱ្យសែនសាច់គោសាច់ក្របីអីខ្ញុំមិនសែនទេ ទេវតាចូលមិនចូលជារឿងរបស់គាត់សំខាន់ផ្ទះខ្ញុំមានក្តីសុខ។ ខ្ញុំមិនធ្វើតាមទេ បងប្អូនជឿដោយបញ្ញាដំណាំដាំដុះពេញប្រទេសហេតុអ្វីទៅកាប់ឈ្លូសដែលជាសត្វធនធានដ៏កម្រ ។

ទេវតាអីទៅសោយសាច់ឈ្លូស សាច់គោ សាច់ក្របី ក្រែងទេវតា សោយរបស់ទិព្វឃើញអីបានហ្នឹង ទេវតាអីមកសោយអារាត់អារាយ ងៀតគោកញ្ចប់អីវិញ តើតំណាងឱ្យខ្មែរដែរទេ?»ទាំងនេះជាការបញ្ចេញយោប ល់របស់ ឧកញ៉ាឃ្លោក។ 

តារាកំប្លែងរូបនេះបានបន្តថាទាំងចម្ងល់ថាតើការទស្សន៍ទាយរបស់ហោរាសាស្ត្រយកក្បួនមកពីខាងណាសម្អាងហេតុផលអ្វីតម្រូវចិត្តនរណា។ រាល់ឆ្នាំមិនជាបញ្ហាអ្វីទេដោយសារទេវតាសោយផ្កា ឬផ្លែចេក មៀន ជាដំណាំដាំដុះរបស់បងប្អូនខ្មែរនេះទើបហៅថាជាការចុះមកប្រោះ ព្រំដល់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ។ ចុងក្រោយ ឧកញ៉ា ឃ្លោក បានដាស់តឿនដល់មហាជនថា ទេវតាចុះមកជារឿងមិនពិតហើយ តែជាប្រពៃណី តែសំខាន់បងប្អូនកុំជឿដោយងងិតងងល់ត្រូវជឿប្រកបដោយបញ្ញា។ ជុំវិញការបញ្ចេញមតិរបស់ឧកញ៉ា ឃ្លោក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការពេញចិត្តនិងគាំទ្រព្រោះជារឿងដែលគួរឱ្យអស់សំណើចចំពោះការទស្សន៍ទាយរបស់ហោរាសាស្រ្តនៅក្នុងឆ្នាំនេះ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post