header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយបានឃើញលោក លៀក លីដា ដែលជាម្ចាស់ផលិតកម្មអិលឌីបានលើកឡើងបែបនេះក្រោយមានក្រុមហ៊ុនបរទេសស្នើឱ្យមានការដូរចំណងជើងរឿង« ប្រវត្តិស្នេហ៍នាងនាថ» ដែលត្រៀមនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ។

គេចាំបានថាផលិតកម្មអិលឌីបានចាប់ផ្តើមក្រុងពាលីថតរឿង«ប្រវត្តិស្នេហ៍នាងនាថ» កាលពីអំឡុងដើមខែធ្នូឆ្នាំ ២០២៣ កន្លងទៅដោយគ្រោងចំណាយទុននៅក្នុងការផលិតរហូតដល់ទៅ១លានដុល្លារឯណោះ ។ អ្វីដែលចាប់អារម្មណ៍ខណៈត្រៀមចាក់បញ្ចាំងខ្សែភាពយន្តមួយនេះគេបានឃើញលោក លៀក លីដា បានបង្ហោះសំណេរខ្លីដែលមានអត្ថន័យយ៉ាងស៊ីជម្រៅថា «ផលិតកម្មអិលឌី គ្មានគោលការណ៍ដូរចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេសរឺប្រទេសណាមួយឡើយ ព្រោះរឿងនេះ ជារឿងនិទាន ចំណាស់មួយដែលយើងបានស្ដាប់បានដឹងតាំងពីដើមមកនៅក្នុងប្រទេសរបស់យើង»។សាររបស់ម្ចាស់ផលិតកម្មអិលឌីក៏មានការពេញចិត្ត គាំទ្រនិងបញ្ចេញមតិពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបាននិយាយថា ក្រុមហ៊ុនបរទេសនោះគ្មាននរណាក្រៅពីផ្ទះលេខ២ នោះទេ។

បើតាមការការលើកឡើងរបស់លោក លៀក លីដា កន្លងមកបានឱ្យដឹងថា«ប្រវត្តិស្នេហ៍នាងនាថ» ជារឿងបុរាណដំបូងបង្អស់ដែលផលិតកម្មអិលឌីបានផលិតយ៉ាងសម្រិតសម្រាំងដើម្បីពង្រឹងគុណភាពកុនខ្មែរឱ្យកាន់តែមានស្តង់ដារឆ្ពោះទៅទីផ្សារអន្តរជាតិ។ខ្សែភាពយន្តនេះផលិតឡើងជាប្រភេទរឿងស៊េរី (series) មាន ៣ វគ្គធំៗ វគ្គ១ យុវវ័យក្រោយសម័យអង្គរ, វគ្គ២ ជើងមេឃពណ៌ស្វាយ និងវគ្គ៣ ខ្មោចចិញ្ចឹមកូនមនុស្ស។ 

រឿងនេះមានការចូលរួមសម្តែងពីតារាល្បីៗរបស់កម្ពុជាពិសេសការចូលរួមសម្តែងជាលើកដំបូងពីតារាម៉ូដែល និងជា Influencer ដ៏ល្បី កូនកាត់ខ្មែរ-បារាំង កញ្ញា Melia Constantin និងតារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា លោក Paing Takhon ជាដើម ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post