មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីបានឃើញអតីតបវរកញ្ញា ងិន ម៉ារ៉ាឌី ដែលជាអតីត Miss Universe Cambodia 2021 បានបង្ហាញការអាក់អន់ស្រពន់ចិត្តក្រោយអ្នកនាងមិនទទួលបាន គ្រឿងឥស្សរិយយសដូចបវរកញ្ញាដទៃនិងសិល្បករការិនីជាច្រើន។
ស្របពេលសិល្បករការិនីស្ទើរទាំងអស់ត្រូវបានអញ្ជើញចូលរួមនៅក្នុង «កម្មវិធីពិសារអាហារសាមគ្គីនិងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូអ្នកគ្រូនិងសិល្បករការិនី»ដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ២៥ខាងមុខនេះ។
ស្រាប់តែអតីតបវរកញ្ញា ងិន ម៉ារ៉ាឌី បានបញ្ចេញសារបង្ហាញការតូចចិត្តដោយបានរៀបរាប់ថា«ខ្ញុំមិនយល់ ក្នុងនាមខ្ញុំជា Miss Universe Cambodia 2021 ម្នាក់ដែរ ហើយក៏បានតំណាងប្រទេសកម្ពុជាទៅលើឆាកអន្តជាតិដូច បងៗក្នុងក្រុមខ្ញុំដែរ តើមូលហេតុអីបានជាខ្ញុំមិនទទួលបានគ្រឿងឥស្សរិយយសដូចគេ? តើខ្ញុំមានចំណុចអន់ត្រង់ណា? ឬមួយអស់លោកអ្នកដែលបញ្ចូនឈ្មោះទៅថ្នាក់លើមិនបានស្គាល់ខ្ញុំ? ok យល់គ្រប់យ៉ាង»។
ការរៀបរាប់របស់អតីតបវរកញ្ញារូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិតអាសូរដល់អ្នកនាង ហើយខ្លះទៀតក៏បានចូលរួមលើកទឹកចិត្តជាច្រើន ។ គេចាំបានថា ងិន ម៉ារ៉ាឌី ជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Universe 2021 លើកទី70 នៅប្រទេសអ៊ីស្រ្តាអ៊ែល ៕