បន្ទាប់ពីគ្រប់គ្រងដោយតារាសម្តែង ចន ច័ន្ទលក្ខិណា រយៈពេល ០៦ឆ្នាំ ពេលនេះប្រធានសមាគមសិល្បៈខ្មែរថ្មីត្រូវបានរកឃើញហើយគឺលោកជំទាវឧកញ៉ា ម៉ៅ ចំណាន ដែលជាអតីតសិល្បការិនីម្នាក់។
ពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈខ្មែរអណត្តិថ្មីបានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងថ្ងៃទី ០២ ឧសភា នេះដោយមានការឈរឈ្មោះពីសំណាក់បេក្ខភាពបីរូបដែលមានលោកជំទាវឧកញ៉ា ម៉ៅ ចំណាន លោក គួច ខេវិន និងលោក ផាក់ ដារារ័ត្ន ។ ជាលទ្ធផលពេលនេះភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីនេះដែលធ្វើឱ្យសិល្បករការិនីដែលចូលរួមនៅក្នុងការបោះឆ្នោតមានការអបអរនិងពេញចិត្តចំពោះលទ្ធផលនេះជាខ្លាំង ។
ក្នុងនោះគេបានឃើញឯកឧត្តម ហ្វៃ សំអាង ដែលជាម្ចាស់ផលិតករមួយរូបបានចួលរួមអបអរចំពោះតំណែងថ្មីរបស់លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ដោយបានលើកឡើងថា«ខ្ញុំនិងសិល្បករ សិល្បការិនីទាំងអស់សូមចូលរួមអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ (២០២៤ -២០២៩)»។
គួរបញ្ជាក់ថាលោក ជំទាវឧកញ៉ា ម៉ៅ ចំណាន បានយកឈ្នះសំឡេងច្រើនខ្លាំងលើបេក្ខភាពពីររូបទៀតគឺលោក គួច ខេវិន និងលោក ផាក់ ដារារ័ត្ន ដល់ទៅ៥៦៧សំឡេង ក្នុងចំណោម ៦០០សំឡេង។ ក្រោយជាប់ក្លាយជាប្រធានសមាគមសិល្បៈលោកជំទាវឧកញ៉ា ម៉ៅ ចំណាន បង្ហាញការអរគុណដល់អ្នកគាំទ្រទាំងអស់នឹងសន្យាដឹកនាំសិល្បៈខ្មែរឱ្យកាន់តែមានភាពរីកចំរើនលើឆាកអន្តរជាតិ៕