មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយបានឃើញតារាចម្រៀង សុះ ម៉ាច បានសំណូមពរឱ្យថ្នាក់ដឹកនាំឬក្រសួងពាក់ព័ន្ធមានការផ្តល់កិត្តិយសនូវគ្រឿងឥស្សរិយយសដល់អតីតតន្រ្តីករជើងចាស់ដើម្បីជាកិត្តិយសសម្រាប់ពួកគាត់នៅក្នុងជីវិតចុងក្រោយ។
ក្រោយពីអ្នកឧកញ៉ាជំទាវ ម៉ៅ ចំណាន បានក្លាយជាប្រធានសមាគមសិល្បៈខ្មែរភ្លាម លោក សុះ ម៉ាច ដែលធ្លាប់កាន់តំណែងជាប្រធានសមាគមសិល្បៈដែរនោះក៏បានលើកជាសំណូមពរឱ្យមានការគិតគូរក៏ដូចជាលើកទឹកចិត្តដល់អតីតតន្រ្តីកររៀមច្បងព្រោះសព្វថ្ងៃពួកគាត់មានវ័យចាស់ទៅហើយ។ ភ្ជាប់ជាមួយរូបភាពតន្ត្រីករជំនាញហ្គីតាបាសម្នាក់ដែលបានប្រឡូកក្នុងអាជីពនេះជាង ៣០ឆ្នាំនោះតារាចម្រៀង សុះ ម៉ាច បានរៀបរាប់ថា «ថ្ងៃនេះមកជួបអតីតតន្ត្រីកររៀមច្បងដែលបម្រើជាតិក្នុងវិស័យសិល្បៈអស់រយៈពេល៣៤ឆ្នាំរួមជាមួយអ្នកសិល្បៈដទៃ រួមជំនាន់នៅវិទ្យុជាតិ។តន្ត្រីករហ្គីតាបាសដ៏ល្អឆ្នើមម្នាក់នេះគឺលោក ទូច សាគុណ ខ្ញុំធ្លាប់ស្គាល់និងច្រៀងក្នុងបារជាមួយគាត់កាលពី៣០ឆ្នាំមុនលោកជាប្អូនបង្កើតរបស់លោក ទូច សា លី ម្ចាស់បទ ភក្តីស្នេហ៍ ។ ឥឡូវកម្សត់លាក់ខ្លួននៅបាត់ដឹងគ្មានអ្វីពឹងក្រៅពីពឹងលើប្រាក់ចូលនិវត្តន៍។
បើនិយាយពីគ្រឿងឥស្សរិយយសថ្នាក់ជាតិដូចអ្នកសិល្បៈជំនាន់ចាស់ថ្មីដទៃដែលទើបទទួលបានពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីគឺគ្មានសោះ តែធ្លាប់ទទួលដែរពីក្រសួងព័ត៌មានគឺឯកឧត្តមខៀវកាញារឹទ្ឋ។សម្រាប់យោបល់របស់ខ្ញុំគួរតែផ្តល់ជូនពួកគាត់ដែលបម្រើជាតិក្នុងវិស័យសិល្បៈយូរបែបនេះក៏ជាការលើកទឹកចិត្តព្រោះវ័យរបស់ពួកគាត់កាន់តែចាស់និងជរាហើយ មិនគួរមើលរំលងឡើយ។គួរតែស្រាវជ្រាវរកពួកគាត់មកផ្តល់កិត្តិយសសម្រាប់ជីវិតចុងក្រោយផងចុះវាជាគំរូល្អដល់អ្នកជំនាន់ក្រោយផងដែរ។
ខ្ញុំសូមទោសបើខ្ញុំសរសេរប៉ះពាល់អារម្មណ៍លោកអ្នកទាំងនេះជាការចូលរួមសំណូមពរក្រើនរំឭកប៉ុណ្ណោះ»។ជុំវិញសំណេររបស់តារាចម្រៀង សុះ ម៉ាច ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកសិល្បៈមួយចំនួនមានការពេញចិត្តនិងគាំទ្រហើយរំពឹងថាលោកនឹងទទួលបាននូវការលើកទឹកចិត្តផ្តល់កិត្តិយសសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់នាពេលឆាប់ៗនេះ៕