មិនមែនជារឿងប្លែកទេជារឿយៗគេតែងឃើញតារាចម្រៀង Original Song សាយ ចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើន។តួយ៉ាងថ្មីៗនេះលោកត្រៀមនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ថ្មីដែលមានឈ្មោះថា«រត់ដោយបេះដូង»ក្នុងគោលបំណងរៃថវិកាទៅដល់សាលារៀនកុមារដែ លមានជំងឺអូទីហ្សឹម។
គេចាំបានថាកន្លងមកតារាចម្រៀង សាយ បានធ្វើសកម្មភាពសប្បុរធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរដោយការរត់ចម្ងាយរាប់រយគីឡូម៉ែត្រឆ្លងកាត់ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។រូបភាពមួយនោះបានធ្វើឱ្យ សាយ បាត់បង់នូវរូបសម្បតិ្តជាគំហុក តែយ៉ាងណាលោកទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មហាជនជាច្រើនចំពោះការលះបង់ពេលវេលារបស់លោកនៅក្នុងការការងារមនុស្សធម៌មួយនេះ ។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះទៀតសោតតារាចម្រៀង សាយ ក៏បានចូលរួមនូវព្រឹត្តិការណ៍ថ្មីមានឈ្មោះថា «រត់ដោយបេះដូង RUN BY HEART»ដោយអ្នកចូលរួមត្រូវរត់ចម្ងាយ៤០០ម៉ែត្រនៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការរត់ជាមួយកុមារដែលមានជំងឺអូទីហ្សឹម ។
គោលបំណងសំខាន់នៅក្នុងព្រឹត្តិការណ៍«រត់ដោយបេះដូង RUN BY HEART»នេះក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់សាលាទន្សាយដែលជាសាលារៀនមួយដែលទទួលការមើលថែទាំ និងបង្ហាត់បង្រៀនទៅដល់កុមារដែលមានជំងឺអូទីហ្សឹម។
សម្រាប់អ្នកដែលចង់ចូលរួមនូក្នុងព្រឹត្តិការណ៍នេះអាចបរិច្ចាគនូវទឹកប្រាក់ ២០០,០០០រៀល/៥០ដុល្លារ ឡើងទៅនឹងទទួលបានឱកាសក្នុងការអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមរត់ជាក្រុមជាមួយកុមារអូទីហ្សឹម។កម្មវិធីនេះនឹងធ្វើឡើងនៅក្នុងថ្ងៃទី ០១ មិថុនាខាងមុខនេះ។គួរឱ្យដឹងដែរថា សាយ ជាសិល្បករដែលមានសកម្មភាពមនុស្សធម៌ផុសផុលគួរឱ្យកត់សម្គាល់៕