អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយពីបានឃើញជីវិតរស់នៅយ៉ាងមានក្តីសុខនិងពេញទៅដោយភាពស្រស់បំព្រងនៃធម្មជាតិរបស់ឪពុកម្តាយតារាចម្រៀង បូទី ។ សូម្បីតែតារាចម្រៀងរូបនេះផ្ទាល់ពេលចាស់ទៅក៏ចង់មានជីវិតបែបស្រស់ស្រាយដូចអ្នក មានគុណរបស់លោកដែរ ។
ជឿជាក់ថាអ្នកគាំទ្រជាច្រើនប្រាកដជាបានស្គាល់តារាចម្រៀងលោក បូទី ដែលបច្ចុប្បន្នលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនស្រីដែលមានវ័យជិតពីរឆ្នាំ ។ លោក បូទី បានចាកចេញទៅរស់នៅប្រទេសកំណើតរបស់ភរិយាជនជាតិអូទ្រីសមួយរយៈហើយទើបត្រឡប់មកលេងស្រុកកំណើតកាលពីពេលថ្មីៗនេះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍តារាចម្រៀងរូបនេះនៅតែទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់ ហ្វេន ហ្វេន ជាច្រើនដោយសារក្រៅពីច្រៀងលោកក៏ចេះនិពន្ធបទចម្រៀងហើយភរិយារបស់លោកទៀតសោតក៏ចេះច្រៀងបទជាភាសាខ្មែរបានយ៉ាងល្អទៀតផង ។
សម្រាប់ការមកលេងស្រុកកំណើតលើកនេះតារាចម្រៀង បូទី បាននាំភរិយា កូនស្រីនិងឪពុកម្តាយក្មេកមកលេងផងដែរ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អាម្មណ៍នោះតារាចម្រៀងរូបនេះបានចែករំលែកនូវទិដ្ឋភាពផ្ទះកំណើតរបស់លោកដែលមានទីតាំងនៅខេត្តកំពង់ចាម មានភាពស្រស់ស្អាតនិងពោរពេញទៅដោយបន្លែនិងដើមឈើហូបផ្លែជាច្រើន។
ទោះមានវ័យចាស់ៗទៅហើយតែឪពុកម្តាយរបស់តារាចម្រៀង បូទី មិនបានទុកទីធ្លាផ្ទះឱ្យនៅទំនេរទេពោលបានដាំនូវបន្លែស្ពៃដែលមានដូចជាស្ពៃក្តោប និងស្ពៃជាច្រើនប្រភេទទៀត ។លោក បូទី បានលើកឡើងថាតាំងពីតូចមកលោកឃើញឪពុកម្តាយដាំដំណាំស្ពៃហើយសព្វថ្ងៃលោកក៏បានឱ្យអ្នកមានគុណសម្រាក តែឪពុកម្តាយរបស់លោកមិនព្រមព្រោះមិនចង់នៅទំនេរដោយចង់ដាំដំណាំបែបនេះដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។ អ្នកដែលបានឃើញទិដ្ឋភាពផ្ទះឪពុកម្តាយរបស់តារាចម្រៀង បូទី សុទ្ធតែលាន់មាត់សរសើរនឹងមានបំណងចង់រស់នៅក្នុងជីវិតសាមញ្ញានិងស្រស់បំព្រងបែបនេះ ៕