header ads

Sponsor

គួររំលឹកផងដែរថាកាលពីថ្ងៃទី៧ឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីថ្លែងការណ៍ដែលលើកឡើងពីការរៀនបន្ថែមក្រៅម៉ោងដែលកន្លងមកក្រសួងបានចេញសេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្ដូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្ដង់ដារសាលារៀនគំរូនៅទូទាំងប្រទេស។ សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំស្តីពីការពង្រឹងយន្តការណ៍វាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្ដង់ដារនៃរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្សនៅកម្រិតសាលារៀន។





ក្រសួងដាក់វិធានការទាំង៥ ដើម្បីទប់ស្តាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រួមមាន៖ ទី១.គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់ បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង។ ទី២.គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន។ ទី៣.គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្ដង់ដារ សម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹងការរៀន និងបង្រៀនដើម្បីលើកកម្ពស់គុណភាពអប់រំ។ ទី៤.គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ​ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច២ម៉ោងបន្ថែម និងទី៥.មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ។

យ៉ាងណាមិញលោកបណ្ឌិតអប់រំ សឿង សុផា បានបញ្ចេញទស្សនៈរបស់ខ្លួនលើប្រធានបទនេះផងដែរ។ លោកបានស្រាវជ្រាវនិងបោះពុម្ភច្រើនទាក់ទងការរៀនបន្ថែមក្រៅម៉ោង។


លោកបានលើកឡើងថា៖ ការរៀនគួរ​ដែលអ្នកស្រាវជ្រាវស្គាល់ថា អប់រំស្រមោល​ ដែលមានស្ទើរតែគ្រប់កាលទេសៈឱ្យតែការអប់រំ​ហើយវាកើតឡើងតាំងពីមានការអប់រំមកម្លេះ។ ​ការអប់រំស្រមោលនេះមិនមែនមានតែនៅប្រទេសកម្ពុជាយើងទេ មិនថាប្រទេសអភិវឌ្ឍ​ ឬកំពុងអភិវឌ្ឍ គឺរមែងមានការរៀនគួរ​​តែគ្រាន់តែការរៀនគួរនោះមានសណ្ឋានខុសៗគ្នា។​ ​
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះមិនបានបដិសេធទេថា ការរៀនគួរពិតជាផ្តល់ធាតុចូលជាវិជ្ជមានមួយចំនួនដល់ការសិក្សារបស់សិស្សនោះឡើយ​  ហើយការរៀនគួរត្រូវបាន Mori and Backer (2010)ហៅការរៀនគួរនេះថាជា ‘គ្រឿងផ្សំសម្ងាត់’ ដែលជួយសិស្សឱ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង នៅក្នុងបណ្តាប្រទេសអាស៊ីមួយចំនួន។​ប៉ុន្តែផលប៉ះពាល់របស់វាហាក់ដូចជាមានច្រើន និងមានការចាប់អារម្មណ៍ច្រើនជាងគេ នៅក្នុងការស្រាវជ្រាវនានានៅក្នុងវិស័យរៀនគួរ(អប់រំស្រមោល)នេះ។​ក្រៅពីផលវិជ្ជមានមួយចំនួនតូច ការរៀនគួរ ឬអប់រំស្រមោលបានធ្វើអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនបន្ទុកបន្ថែមដល់គ្រួសារមួយចំនួន​​ ​ដូចជា ឪពុកម្តាយខ្លះត្រូវធ្វើការក្រៅម៉ោងបន្ថែម ឬត្រូវខ្ចីបុល ឬរាប់លុយប្រចាំថ្ងៃ ដើម្បីអោយកូនបានរៀនគួរនឹងគេ នោះបើយោងតាមលទ្ធផលស្រាវជ្រាវមួយនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៨។​ លើសពីនេះ ខ្ញុំគ្រាន់តែលើកជាឧទាហរណ៌មួយចំនួនពីការសិក្សារបស់ខ្ញុំក្នុងចន្លោះឆ្នាំ២០២០​ដល់២០២៣​ការរៀនគួរធ្វើអោយមានគម្លាតសមភាពអប់រំរវាងសិស្សដែលមកពីគ្រួសារក្រីក្រ នឹងគ្រួសារដែលមានលទ្ធភាពផ្គត់ផ្គង់ការរៀនគួរ​  វាក៏ធ្វើអោយសិស្សមានភាពរើសអើង និងមានភាពរកាំរកូសកើតឡើង រវាងគ្រូនឹងគ្រូមួយចំនួនដែលបង្រៀនមុខវិជ្ជាដែលអាចបង្រៀនគួរបាន ​ដោយសារតែអ្នកគ្រូលោកគ្រូមួយចំនួនបានបង្រៀនសិស្សថ្នាក់វិទ្យាសាស្ត្រនៅពេលអ្នកគ្រូលោកគ្រូខ្លះបែរជាបង្រៀនថ្នាក់សង្គម។​លើសពីនេះអ្វីដែលសំខាន់ទៅទៀតនោះគឺការរៀនគួរអាចធ្វើឱ្យប៉ះពាល់ដល់ភាគរយសិស្សចូលរៀននៅក្នុងថ្នាក់វិទ្យាសាស្ត្រ ជាពិសេសសិស្សដែលគ្មានលទ្ធភាពចំណាយលើការរៀនគួរ គឺសម្រេចចិត្តងាកទៅរៀនថ្នាក់សង្គម ទោះបីជាគេចូលចិត្តថ្នាក់វិទ្យាសាស្ត្រក៏ដោយ។​កត្តានេះប្រហែលជាអាចធ្វើឱ្យប៉ះពាល់ដល់ទិសដៅជាតិឆ្នាំ២០៣០ឬ២០៥០​ និងការប្រឹងប្រែងលើកកម្ពស់ការអប់រំស្ទែម (STEM)ជាដើម។​​​ ដូចជាយើងបានដឹងហើយថា ភាគរយសិស្សចូលរៀនថ្នាក់វិទ្យាសាស្ត្របានធ្លាក់ពីប្រហែល៩៦%នៅឆ្នាំ២០១៤ ដល់ប្រហែល៣៦%នៅឆ្នាំ២០២១​ ហើយប្រហែលជាអាចបន្តធ្លាក់ចុះទៀតនាពេលបច្ចុប្បន្ន។​តែខ្ញុំសូមបញ្ជាក់ថាការធ្លាក់ចុះនេះ ប្រហែលជាអាចបណ្តាលមកពីកត្តាផ្សេងៗមួយចំនួនទៀតក្រៅពីការរៀនគួរ។​
ខ្ញុំក៏ចង់បញ្ជាក់ដែរថាអត្រាសិស្សរៀនគួរមានការកើនឡើងជាលំដាប់​ហើយកាន់តែកើនឡើងបន្ថែមទៀតនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ជាពិសេសគឺថ្នាក់ទី១២ ហើយសិស្សស្រីហាក់ដូចជារៀនគួរច្រើនជាងសិស្សប្រុសបើប្រៀបធៀបតាមកម្រិតសិក្សាទាំង៣នៃអប់រំចំណេះទូទៅ​​នេះបើតាមទិន្នន័យចន្លាះឆ្នាំ២០១០ ដល់២០២០។​  បើគិតជាមធ្យម អត្រានៃសិស្សរៀនគួរ បានកើនឡើងជាង៧៦%នៅកម្រិតមធ្យមសិក្សាទុតិយភូមិតាំងពីឆ្នាំ២០១៥មក។​ហើយកំណើននេះគឺពិតជាមិនមានភាពខុសគ្នាប៉ុន្មានទេរវាងសិស្សនៅទីក្រុង ទីប្រជុំជន និងជនបទ ពោលគឺបន្ទាប់ពីមានការកំណែទម្រង់ការប្រឡងឆ្នាំ២០១៤មក។​ តាមរយៈការសិក្សាស្វែងយល់របស់ខ្ញុំ បើពិនិត្យមើលពីជ្រុងនៃគោលនយោបាយ និងច្បាប់អប់រំឬក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនឆ្នាំ២០០៨ ខ្ញុំហាក់បីដូចជាមិនទាន់ឃើញមានមាត្រាណាមួយដែលបង្ហាញថាគ្រូបង្រៀនគួរ ត្រូវមានទោសទណ្ឌធ្ងន់ធ្ងរនោះទេ​តែគាត់គ្រាន់តែបានធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដូចចែងក្នុងមាត្រា២៧នៃក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនឆ្នាំ២០០៨។



នៅក្នុងការស្រាវជ្រាវផ្នែកអប់រំស្រមោលបានបង្ហាញពីសេណារីយ៉ូគ្រប់គ្រងការរៀនគួរចំនួន៤បែប​​ដែលក្នុងនោះប្រទេសយើងស្ថិតក្នុងសេណារីយ៉ូ ‘ការមិនលើកទឹកចិត្ត (discouragement)’ ដែលមានន័យថាយើងមិនមានច្បាប់ហាមឃាត់ដូចបណ្តាលប្រទេសមួយចំនួន ដូចជាប្រទេសជប៉ុន កូរ៉េ និង ប៊ូតាន់នោះទេ តែយើងប្រើប្រាស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនដើម្បីលើកទឹកចិត្តឱ្យគ្រូបង្រៀន ជៀសវាងការបង្រៀនគួរដល់សិស្ស​។​ម្យ៉ាងការរៀនគួរក៏ប្រហែលជាមិនអាចលុបបំបាត់បានទាំងស្រុងនោះទេ តែអ្វីដែលយើងអាចធ្វើបានគឺ ផ្លាស់ប្តូរសេណារីយ៉ូគ្រប់គ្រងការរៀនគួរ។​ គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំបានដាក់ការអនុវត្តវិធានការណ៍មួយ នៅសាលាជំនាន់ថ្មី ដែលគ្រូបង្រៀនមិនអនុញ្ញាតអោយបង្រៀនគួរដល់សិស្សរបស់ខ្លួនឡើយ​ ដែលនេះប្រហែលជាចំណុចល្អមួយដែលយើងគួរពិចារណារពន្លាតការអនុវត្តន៍ជាទូទៅ ប្រសិនបើយើងពិចារណារធ្វើការទប់ស្កាត់ការរីករាលដាលនៃការបង្រៀនគួរ។​​ ម្យ៉ាងទៀត ការផ្តល់ការអប់រំបន្ថែមដែលមានលក្ខណៈសម្បូរបែប ដោយមិនតម្រូវឱ្យមានការបង់ថ្លៃតាមសាលារៀននីមួយៗ និងតាមប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួង ឬសាលា ក៏ប្រហែលជាវិធីមួយជួយដល់សិស្សដែលមិនមានលទ្ធភាពចំណាយលើការរៀនគួរ អោយបានរៀនបន្ថែមផងដែរ។


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post