មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយនៅក្នុងថ្ងៃទី ២៦នេះMC Sey ដែលកំពុងលេចមុខលេចមាត់នៅក្នុងហ្វេសប៊ុកក្រោយធ្លាយរឿងអាស្រូវRappers ពីររូបធ្វើទង្វើថោកទាបចំពោះនិស្សិតនៅខេត្តបាត់ដំបង បានចេញមុខច្រានចោលរឿងទាំងអស់នេះ។ MC Sey ថែមទាំងអះអាងថាកំពុងដាក់ពាក្យបណ្តឹងទៅកាន់បុគ្គលដែលធ្វើឱ្យបែកធ្លាយវីដេអូព្រោះបុគ្គលនោះបានយកវីដេអូនេះមកគំរាមទារលុយលោកជាបន្តបន្ទាប់។
ដ្បិតអ្នកលេងហ្វេសប៊ុកRicky ScoTt មិនបានបញ្ជាក់ចំឈ្មោះច្បាស់ៗថាRappers ដែលធ្វើសកម្មភាពរំលោភទៅលើនារីរងគ្រោះជាសង្សារខ្លួននោះជាតារារ៉េបឈ្មោះអ្វីក្តី តែនៅក្នុងបណ្តាញសង្គមមានការស៊ែរនិងនិយាយពី MC Sey គ្រប់គ្នា។ ស្របជាមួយគ្នានោះក៏មានការលេចធ្លាយនូវវីដេអូមួយចំនួន តែយ៉ាងណានារីរងគ្រោះបានចេញមុខបដិសេធថាវីដេអូនោះមិនមែនជារបស់ខ្លួននោះឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយរក្សាភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃ MC Sey បានចេញមុខច្រានចោលរឿងរ៉ាវទាំងនេះនៅក្នុងថ្ងៃទី ២៦នេះដោយបានរៀប រាប់ថា « ជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា កុំទាន់អាលយល់ច្រលំ
ទី១ ខាងដើមចោទ មិនបានសរសេរថាអ្នកណាជាអ្នកប្រព្រឹត្តអោយចំឈ្មោះច្បាស់លាស់នោះទេ អញ្ចឹងខ្ញុំក៏មិនអាចទាមទារអោយគេទទួលខុសត្រូវបានដែរ
ទី២ ខ្ញុំសូមច្រានចោលនៅរឿងដែលកើតឡើងមួយរយះកន្លងទៅនេះ បើសិនជាគេចោទខ្ញុំ ខ្ញុំមិនបានប្រព្រឹត្តដូចទៅតាមអត្ថបទដែលគេបានសរសេរនោះដែរ
ទី៣ ពាក់ព័ន្ធនឹងរឿងបែកធ្លាយវីដេអូ មានតែវីដេអូមួយទេដែលជាវីដេអូពិត បច្ចុប្បន្នខាងមេធាវីខ្ញុំកំពុងរៀបចំពាក្យបណ្តឹងទៅកាន់បុគ្គលដែលធ្វើអោយបែកធ្លាយ ក៏ដូចជាជនដែលចែកចាយបន្តរផងដែរ
បច្ចុប្បន្នយើងបានកំណត់មុខសញ្ញាបានខ្លះហើយ ពីព្រោះកន្លងទៅ មានបុគ្គលធ្លាប់យកវីដេអូមួយនេះគំរាមខ្ញុំ ទាមទារលុយជាបន្តបន្ទាប់។ សម័យនេះ កុំទុកចិត្ត Social Media ហើយប្រយ័ត្នចុចប៉ះ Link ដែលគេអាច Hack account ឬក៏ Hack កុងធនាគារបស់អ្នក។ជាចុងក្រោយ ខ្ញុំសូមស្នើរសុំអោយសារពត៌មានទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ ឬក៏ចែកចាយបន្ត ពត៌មានដែលមិនទាន់រកការពិតឃើញ ដើម្បីរក្សាកិត្តិយសភាគីទាំងសងខាង។
ជុំវិញការលើកឡើងរបស់ម្ចាស់បទ«កាលុងឃុង»រូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការហួសចិត្តនឹងបានចូលទៅបញ្ចេញមតិរិះគន់ចំៗថាបើមិនមែនជាការពិតហេតុអ្វីមិនចេញមុខប្រតិកម្មពីដំបូង ហើយខ្លះទៀតក៏បានបបួល MC Sey ទៅស្បថនៅមុខអ្នកតាដំបងក្រញូងប្រសិនមិនបានប្រព្រឹត្តសកម្មភាពអសីលធម៌នោះ៕