ក្រោយពីបានចូលបំភ្លឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញក្នុងនាមជាដើមបណ្តឹងនៅក្នុងថ្ងៃទី ០៦នេះ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅតារាចម្រៀង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ:សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង និងញុះញង់ឲ្យមានការរើសអើង
អ្នកនាង ចន ច័ន្ទលក្ខិណា បានឆ្លើយតបចំពោះមហាជនពីមូលហេតុដែលអ្នកនាងមិនយកវប្បធម៌តុមូលមកចរចាជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា ។មានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបានឃើញតារាសម្តែង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹងទៅតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលពេលនេះបណ្តឹងក៏បានទៅដល់ដៃតុលាការហើយដែរ ។ អ្វីដេលកត់សម្គាល់នៅក្នុងថ្ងៃទី ០៦នេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានទៅបំភ្លឺ ទៅតាមការកោះអញ្ជើញរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ក្នុងនោះក៏មានមហាជនមួយចំនួនបានបញ្ចេញមតិថាហេតុអ្វីតារាសម្តែង ចន ច័ន្ទលក្ខិណា មិនជ្រើសយកតុមូលមកចរចាគ្នាក្នុងនាមជាអ្នកសិល្បៈចាស់វស្សាដូចគ្នាបែរជាជ្រើសយកការប្តឹងផ្តល់បែបនេះទៅវិញ ។ មិនរង់ចាំយូរអតីតប្រធានសមាគមសិល្បៈករខ្មែរ ចន ច័ន្ទលក្ខិណា បានលើកឡើងពីមូលហេតុច្បាស់ៗដែលអ្នកនាង បានប្តឹងទៅតារាចម្រៀង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ:សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង និងញុះញង់ឲ្យមានការរើសអើងថា
«មិនអាចឡើយពេលគេ Live ពីខ្ញុំរាប់ឆ្នាំ រាប់ថ្ងៃ ទាំងខ្ញុំមិនតប គ្មានអ្នកនិយាយ តែពេលខ្ញុំធ្វើផ្លូវច្បាប់ទើបមានអ្នកចេញមុខដៀលដល់ម្តាយខ្ញុំ គឺ មិនបានឡើយ ចាំគេដៀលដល់ម្តាយអ្នកដែលមានគំនិតបែបនេះចាំយកវប្បធម៌តុមូលមកនិយាយទៅ ខ្ញុំមិនមាត់ មិនតប ព្រោះខ្ញុំជាមនុស្សនៅចំណុចមួយមិនសាកសមនិងខ្ញុំយកFacebook មកដោះស្រាយឡើយ ខ្ញុំយកច្បាប់មកដោះស្រាយ កុំយកវប្បធម៌តុមូលមកប្រើជាគំរូច្រើនពេក វាជាគំរូដល់អ្នកដទៃទៀតអោយកាន់តែបំពានសិទ្ធបុគ្គលហើយរួចខ្លួន បើអញ្ចឹងដដែលកុំបង្កើតច្បាប់ប្រទេសមានក្រសួង និង ច្បាប់»។
ក្នុងនាមជាចុងបណ្តឹងបើក្រឡេកមកមើលតារាចម្រៀង ម៉េង កែវពេជ្ជតា ឯណេះវិញបានបង្ហោះសំណេរថា«ធ្វើអញ្ចឹងបានទៀត ? ? ប្តឹងរឿងអី ? ប្តឹងមែនឬក៏ប្តឹងដើម្បីរំខានខ្ញុំទេ ? ព្រោះបើតាមសាច់រឿងពិតមិនមែនត្រូវប្តឹងខ្ញុំទេ តែត្រូវខ្ញុំប្តឹងវិញបានសម ! បងប្អូន ! ភស្តុតាងគេបង្កាច់បង្ខូចជេរបញ្ចោរខ្ញុំនៅពេញក្នុងដៃខ្ញុំទាំងចាស់ទាំងថ្មី ។ បើ តាមបងប្អូនបានឃើញដែរ តើអ្នកណាជាជនរងគ្រោះពិតប្រាកដទៅបងប្អូន ? តែណ្ហើយ អោយគេទៅមុនចុះ ព្រោះចរិតខ្ញុំ អារឿងឈ្លោះអីហ្នឹងខ្ញុំចាំតែដើរតាមក្រោយគេទេ គ្រាន់តែសូមប្រាប់ថា បើខ្ញុំឈានជើងចេញដំណើរហើយ អ្នកឯងកុំស្រែកថាចាំបន្តិចឬឈប់សិនដូចមុនទៀតអោយសោះ !តោះបងប្អូនយើងត្រៀមកម្លាំង យ៉ាងណាៗសូមអោយដឹងតែម្តងទៅថា ខ្ញុំ ម៉េង កែវពេជ្ជតា ជាសិល្បការនីម្នាក់ដែលមានស្នាដៃជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរក្បែរ 40ឆ្នាំនេះ ត្រូវបានក្រុមមនុស្សអគតិតាមឈ្នានិសបំផ្លាញក្តិចពន្លកមែកធាង និងតាមធ្វើទុក្ខបុកម្នេញគ្រប់រូបភាព បេីទោះជាមហាជនបានដឹងបានឃើញបានឮថាពួកគេខុសក៏ដោយ ក៏ពួកគេនៅតែស្រេកឃ្លានការចង់បំផ្លាញនេះមិនឈប់ដែរ ដែលទង្វើនេះវាសមតែជំនាន់ប៉ុនពតទេដែលធ្វើ ព្រោះប៉ុលពតមានគោលការណ៍បំផ្លាញធនធានមនុស្ស ធនធានអប់រំ បើដូច្នេះមែនខ្ញុំមិនខ្លាចនឹងតតាំងទេ តតាំងអោយដឹងសខ្មៅ និងសូមអោយសង្គ្រាមនេះក្លាយជាប្រវត្តិសាស្ត្រតែម្តងទៅ »!៕