header ads

Sponsor

អតីតតារាសម្តែង ព្រីង ច័ន្ទបុត្រ បានរួមរស់ជាមួយភរិយាក្រោយដែលជាម្តាយក្មេករបស់តារាកំប្លែង វ៉ាន់ នីឡា ប្រមាណជា ៦ឆ្នាំហើយនៅតែមានការនិយាយក្រោយខ្នងវាយប្រហារមកលើគ្រួសារលោកទើបធ្វើឱ្យលោកទ្រាំមិនបានបង្ហាញឯកសារដែលបញ្ជាក់ថាលោក​និងភរិយា ជាប្តីប្រពន្ធ ស្របច្បាប់។

ដើម្បីឱ្យកាន់តែច្បាស់អតីតតារាសម្តែង ព្រឹង ច័ន្ទបុត្រ បានបង្ហោះនូវឯកសារមួយចំនួនដែលមានដូចជាលិខិតអាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ រួមនឹងបញ្ជាក់ថាសព្វថ្ងៃលោក និងភរិយាកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ។ 

អតីតតារាសម្តែងរូបសង្ហារូបនេះបានរៀបរាប់ថា    «មនុស្សមួយចំហៀងផែនដីហើយដែលដឹងថាពួកយើងជាប្តីប្រពន្ធពិតប្រាកដ(ប្លង់រឹង)តាមច្បាប់ត្រឹមត្រូវ នៅតែមនុស្សមួយចំហៀងផែនដីផ្សេងទៀត នៅភ្លើ ធើមិនដឹង មិនស្គាល់ដោយមានចេតនា និយាយដើម វាយប្រហារមកលើគ្រួសាររបស់ខ្ញុំដោយពាក្យមិនសមរម្យក្នុងគោលបំណងបំបែកបំបាក់។

ដូច្នេះថ្ងៃនេះខ្ញុំសូមអធ្យាស្រ័យពីសំណាក់បងប្អូនអ៊ុំពូមីងលោកតាលោក យាយមេត្តាខន្តីអភ័យទោស ដើម្បីឲ្យមនុស្សមួយក្តាប់តូច(មាត់ចាបមាត់ព្រាប)ដែលមិនដឹង ឬមិនច្បាស់ ឬក៍ធ្វើភ្លើ អស់សង្ស័យ ខ្ញុំសូមផុសម្តងទៀតនូវឯកសារសំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ដែលពួកយើងបានធ្វើរយៈពេល6ឆ្នាំកន្លងមកហើយដោយពួកយើងបានរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខជាអនេកកប្បការ។

សង្ឃឹមថាពួកមាត់ចាបមាត់ព្រាបទាំងអស់ មេត្តាលាងគូថខ្លួនឯងឲ្យត្រឹមត្រូវសិនមុននឹងវាចារនិយាយពីអ្នកដទៃ ។ គ្រួសាររបស់ខ្ញុំរស់នៅមានតំលៃត្រឹមត្រូវ រកស៊ីធ្វើការដោយសុច្ចរិតប្រើកំលាំងពិត ញើសឈាមពិត គំនិតពិតនិងដៃទាំងទ្វេរ រួមចិត្តរួមកាយ រួមគំនិត រួមទ្រព្យសម្បត្តិដែលមានរៀងខ្លួន រស់នៅក្នុងសង្គមមួយដ៏ថ្លៃថ្នូរ(ប្តីមួយ ប្រពន្ធមួយ )មិនបានច្រណែន ឈ្នានីស បំផ្លាញ ឬក៍ដណ្តើមប្តី ឬ ប្រពន្ធនរណាឡើយ …។ សូមគិតម្តងទៀតមុននឹងព្រូស ឬ ប្រើពាក្យមិនគួរគប្បីវ៉ៃប្រហារមកលើគ្រួសាររបស់ខ្ញុំ»។

លោក ព្រីង ច័ន្ទបុត្រ គឺជាអតីតតារាសម្តែងរូបសង្ហាជំនាន់លោក ស៊ុក សុភា និង យូ ឌីស្កូ និង សោ ពន្លឺ ជាដើម។ លោក ចាប់ផ្តើមមានឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈក្រោយពីបានចូលរួមសម្តែងនៅក្នុងបទចម្រៀង F4 ដោយរួមជាមួយអ្នកនាង កែវ ពេជ្រពិសី ជាតួស្រី ។ 

ប៉ុន្តែក្រោយពីលោកបានរៀបការជាមួយភរិយាជាប្អូនស្រីអ្នកមានមុខមាត់នៅក្នុងសង្គមមកលោកបានបញ្ចប់អាជីពមួយនេះ តែគួរឱ្យស្តាយជីវិតអាពាហ៍ពិពាហ៍របស់លោកបានដើរដល់ផ្លូវបំបែកដោយបន្សល់នូវកូនប្រុសមួយរូប ។ ក្រោយមកលោក ព្រីង ច័ន្ទបុត្រ ក៏បានផ្តើមជីវិតស្នេហាជាថ្មីជាមួយម្តាយក្មេកតារាកំប្លែង វ៉ាន់ នីឡា ដែលមានអាយុបងលោកដល់ទៅបួនឆ្នាំដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងមានក្តីសុខ តែមិនមានកូនជាចំណងដៃនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post