header ads

Sponsor

មានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំនិងអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់ការស៊ែរ និងចែករំលែកនូវវីដេអូដែលជាសកម្មភាពអសីលធម៌និងអាសអាភាសបន្តទៀត។ មិនតែប៉ុណ្ណោះក្រសួងកំពុងស្រាវជ្រាវរកក្រុមរាំដែលបានបង្ហាញសកម្មភាពអនាចារមកដុសក្អែលថែមទៀតផង។

គួរឱ្យដឹងដែរថាថ្មីៗនេះមានការបង្ហោះចែករំលែកព្រោងព្រាតពីសកម្មភាពបែបអាសអាភាសរបស់ក្រុមរាំនៅក្នុងពិធីមង្គលការពោលនៅក្នុងកម្មវិធីកាត់សក់បង្កក់សិរី តែម្តង ។ បើតាមពិនិត្យមើលសកម្មភាពរបស់ក្រុមរាំទាំងនោះជាក្រុមភេទទីបី ។ សកម្មភាពមិនសមទំនងរបស់ក្រុមទាំងនេះដែលបានរាំនៅក្នុងពិធីមង្គលការបានធ្វើឱ្យមហាជនរិះគន់ជាខ្លាំង ។ នៅក្នុងថ្ងៃទី ០៧នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញសេចក្តីណែនាំនិងអំពាវនាវដែលមានអត្ថន័យថា ៖ដោយបានពិនិត្យ និងសង្កេតឃើញមានការបង្ហោះចែករំលែកនៅលើបណ្តាញសង្គមអំពីសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីអំពាវនាវ និងចាត់ការចំពោះក្រុមសិល្បៈដែលសម្តេងក្នុងពីធីកាត់សក់អាពាហ៍ពិពាហ៍នោះហើយ នាពេលនេះ។មហាជនបានចាត់ទុកសកម្មភាពក្រុមសិល្បៈទាំងនោះជាការធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ជាតិយ៉ាងធ្ងន់ធ្ងរ។

បើយោងតាមសេចក្តីណែនាំ និងអំពាវនាវរបស់ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈបានឱ្យដឹងថា សកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖
 

-សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។
 

-ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែលមានជាធរមាន។
 

-ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូម អាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានជិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។
 

-សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ។
ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតី ស្រលាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបក្នុងការទប់ស្កាត់នូវរូបភាព អវិជ្ជមានគ្រប់ទម្រង់ដែលធ្វើឱ្យប៉ះពាល់តម្លៃនៃមរតកដូនតា។ បន្ថែមពីលើនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានសង្កត់ធ្ងន់ថា កំពុងស្រាវជ្រាវរកអត្តសញ្ញាណក្រុមប្រព្រឹត្តទាំងនោះផងដែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post