មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនដោយនៅក្នុងថ្ងៃទី ១៥នេះតារាសម្តែង ចន ច័ន្ទលក្ខិណា បានឡាយវីដេអូទាំងទឹកភ្នែកក្រោយបានដាក់ពាក្យបណ្តឹងទៅកាន់តារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា ។ អ្វីដែលធ្វើឱ្យមហាជនបើកភ្នែកធំៗនោះតារាសម្តែង ចន ច័ន្ទលក្ខិណា ប្រកាសថាប្រសិននឹងតស៊ូចំពោះក្តីមួយនេះ។ប្រសិនចាញ់ក្តីនេះអ្នកនាងនឹងបន្តរហូតដល់តុលាការកំពូលហើយប្រសិនមិនឈ្នះអ្នកនាងនឹងធ្វើរឿងមួយនេះថែមទៀត ។
គេចាំបានថាក្រោយពីបញ្ចប់អណត្តិប្រធានសមាគមសិល្បៈករ ភ្លាមអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការទៅតាមផ្លូវច្បាប់ដោយបានដាក់ពាក្យបណ្តឹងទៅកាន់តារាចម្រៀង ម៉េង កែវពេជ្ជតា ពី«បទបរិហារកេរ្តិ៍ជាសាធារណៈជេរប្រមាថជាសាធារណៈសម្លុតកុំឱ្យដាក់ពាក្យបណ្តឹងនិងញុះ ញង់ឱ្យមានការរើសអើង»។ តាមរយៈដីកាកោះតារាចម្រៀង ម៉េង កែវពេជ្ជតា នឹងត្រូវចូលបំភ្លឺនៅក្នុងថ្ងៃទី ១៤ កន្លងទៅ តែដោយសារអ្នកនាងកំពុងមានវត្តមាននៅស្រុកបារាំងទើបពន្យាពេលចូលបំភ្លឺ ។
អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃទី ១៥ នេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខឡាយវីដេអូថាកន្លងមកអ្នកនាងទ្រាំខ្លាំងណាស់និយាយប៉ះខ្លួនបានតែបើប្រមាថអ្នកម្តាយមិនបានឡើយ ។ មិនបាននិយាយវែងឆ្ងាយចំពោះចុងបណ្តឹងខណៈបណ្តឹងបានទៅដល់ដៃអយ្យការហើយនោះតារាសម្តែង ចន ច័ន្ទលក្ខិណា គ្រាន់តែព្រលយថាប្រសិនបើអ្នកនាងចាញ់ក្តីអ្នកនាងនឹងបន្តដល់ឧទ្ធណ៍ ហើយបើចាញ់ទៀតនឹងបន្តដាក់ពាក្យបណ្តឹងដល់តុលាការកំពូលបើនៅតែមិនឈ្នះអ្នកនាងនឹងបន្តមកតុលាការហ្វេសប៊ុកជាបន្តទៀត ។
ជាចុងក្រោយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានដាស់តឿនដល់អ្នកដែលចូលខ្លួនមកសម្របសម្រួលនៅក្នុងបណ្តឹងនេះថាស្មើនឹងជាន់ឈ្លឺអ្នកម្តាយអ្នកនាងព្រោះថាពេលម្តាយត្រូវគេជេរប្រមាថទើបយល់អារម្មណ៍មួយនេះ ។អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថាអ្នកនាងជាជនរងគ្រោះយ៉ាងពិតប្រាកដព្រោះអ្នកនាងបានព្យាយាមស្ងាត់តាំងពីដើមឆ្នាំមកម្លេះ ។ ក្នុងនាមជាចុងបណ្តឹងអ្នកនាង ម៉េង កែវ ពេជ្ជតា ក៏បានបង្ហាញការរីករាយនឹងស្វាគមន៍ចំពោះបណ្តឹងរបស់អតីតប្រធានសមាគមដោយអ្នកនាងបញ្ជាក់ថានឹងចូលមកបំភ្លឺនៅតុលាការនៅខែក្រោយនេះ។ រង់ចាំតាមដានទាំងអស់គ្នាតើតារាសម្តែង ចន ច័ន្ទលក្ខិណា អាចនឹងឈ្នះក្តីនៅក្នុងបណ្តឹងមួយនេះឬបែបណា?