header ads

Sponsor

ក្រោយពេលដែលអវត្តមានការចេញទៅសម្តែងនៅទឹកដីអាមេរិកជាមួយតារារ៉េប វណ្ណដា និង វណ្ណថាន ក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest Fest ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៤ ដល់១៦ មិថុនា បានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀង កៅ សុហ្វៀរ មានការងឿងឆ្ងល់នឹងចាប់អារម្មណ៍ជាខ្លាំង ។ ប៉ុន្តែយ៉ាងណាកាលពីថ្ងៃទី ១៥ ម្សិលមិញនេះតារាចម្រៀងកូនកាត់ចិនរូបនេះបានចេញសេចក្តីប្រកាសពីការចាកចេញនឹងបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មបារមី ចាប់ពីថ្ងៃប្រកាសនេះតែម្តង ។

គួរឱ្យដឹងដែរថាការប្រគំតន្រ្តី Sabaidee Fest ដែលនឹងរៀបចំឡើងនៅទីក្រុង Chino Southern California នឹងចាប់ផ្តើមរៀបចំឡើងនៅថ្ងៃទី១៤ ដល់១៦ មិថុនា។ តាមរយៈ Posterដែលបានផ្សព្វផ្សាយតាំងពីអំឡុងខែមេសាកន្លងមកបានឱ្យដឹងថាសិល្បករ សិល្បការិនីដែល នឹងចូលរួមនៅក្នុងមហោស្រពប្រគំតន្រ្ដីនេះរួមមានតារារ៉េប វណ្ណដា វណ្ណថាន និង កៅ សុហ្វៀរ ។ប៉ុន្តែកាលពីយប់ថ្ងៃទី១០ មិថុនាកន្លងទៅគេមិនវត្តមាន កៅ សុហ្វៀរ រួមដំណើរជាមួយ វណ្ណដា វណ្ណថាន និងក្រុមការងារទៅសហរដ្ឋអាមេរិកនោះឡើយ ។ 

ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ចំពោះអវត្តមានតារាចម្រៀងស្រីរូបនេះ។ប៉ុន្តែយ៉ាងណាកាលពីយប់ថ្ងៃទី ១៥ ម្សិលមិញនេះ កៅ សុហ្វៀរ បានចេញសេចក្តីប្រកាសជាផ្លូវការអំពីការបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មបារមី ។ កៅ សុហ្វៀរ ជឿជាក់ថាអ្នកគាំទ្រជាច្រើនប្រាកដជាងឿងឆ្ងល់ចំពោះការចាកចេញពីផលិតកម្មបារមី តែយ៉ាងណានាងសុំមិននិយាយពីអារម្មណ៍ពិតរបស់ខ្លួនជាសាធារណៈនោះឡើយ ។ បន្ថែមពីនេះតារាចម្រៀងរូបនេះក៏សុំឱ្យមហាជន  ជាពិសេសហ្វេន ហ្វេន នៅតែបន្តគាំទ្រព្រោះនាងនៅតែបន្តអាជីពមួយនេះក្នុងនាមជាសិល្បការិនីឯករាជ្យ ។

ជុំវិញការចាកចេញដោយស្ងាត់ៗរបស់តារាចម្រៀង កៅ សុហ្វៀរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តនូវការសម្រេចចិត្តរបស់នាង ហើយក៏មានការជូនពរឱ្យតារាចម្រៀងរូបនេះបានទទួលជោគជ័យនៅលើវិថីមួយនេះក្រោយសម្រេចចិត្តដើរម្នាក់ឯង។ ប៉ុន្តែក៏នៅតែមានការវែកញែកពីមូលហេតុក្រោយខ្នងដែលធ្វើឱ្យតារាចម្រៀងកូនកាត់ចិនរូបនេះសម្រេចចាកចេញពីផលិតកម្មភ្លាមៗបែបនេះ តែក៏រំពឹងថា កៅ សុហ្វៀរ នឹងបង្ហាញពីសមត្ថភាពនិងសមិទ្ធិផលថ្មីៗរបស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះជូនអ្នកគាំទ្ររបស់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post