ធ្មេចបើកៗពេលនេះយុវតី កែវ ទិត្យផល្លី ធំពេញវ័យទៅហើយបើនិយាយពីសម្រស់ក៏ស្រស់ស្អាតគួរឱ្យស្រឡាញ់ ។ ប្រឡូកអាជីពសិល្បៈបណ្តើរយុវតីរូបនេះកំពុងបន្តការសិក្សាថ្នាក់ទី ១០នៅវិទ្យាល័យព្រះស៊ីសុវត្ថិ តែអ្វីដែលគួរឱ្យសរសើរ កែវ ទិត្យផល្លី នៅតែប្រឹងប្រែងសិក្សាដោយទទួលបានចំណាត់ថ្នាក់លេខមួយថែមទៀតផង ។
ជឿជាក់ថាមហាជនប្រហែលចាំមិនភ្លេចអតីតបេក្ខភាពប្រឡងចម្រៀងតូចល្អិតដែលមានសម្បុរខ្មៅស្រអែមនៅក្នុងកម្មវិធី The voice kid Cambodia កែវ ទិត្យផល្លី ដែលសព្វថ្ងៃបានចាប់អាជីពចម្រៀងដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាតារាចម្រៀងល្បីនាពេលអនាគត។
ទោះមិនមានទ្រនំជ្រកក្តី តែយុវតី កែវ ទិត្យផល្លី មានប្រជាប្រិយភាពគួរសមដោយបានចូលរួមនៅក្នុងកម្មវិធីនានានៅក្នុងសង្គមសិល្បៈហើយក្រៅពីការCover បទចម្រៀង យុវតីឃ្យូតរូបនេះក៏មានបទចម្រៀងផ្ទាល់ខ្លួនដែលនិពន្ធដោយតារាចម្រៀង បូទី ផងដែរ ។ អ្វីដែលគួរឱ្យសរសើរនឹងយកគំរូតាមសម្រាប់យុវវ័យនានានោះដ្បិតមានការងារសិល្បៈក្តី តែ កែវទិត្យផល្លី នៅតែមិនបោះបង់ចោលការសិក្សាដោយខិតខំប្រឹងប្រែងរៀនសូត្រដោយទទួលបានចំណាត់ថ្នាក់លេខមួយស្ទើររៀងរាល់ខែ ។
ជាមួយនឹងការបង្ហាញពីចំណាត់ថ្នាក់របស់ខ្លួននៅតាមបណ្តាញសង្គមក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការត្រេកអរនិងបានលាន់មាត់សរសើរដល់ កែវ ទិត្យផល្លី គ្រប់គ្នា ។ ទោះមានវ័យក្មេង តែយុវតីរូបនេះមានទឹកដមសំឡេងល្អដែលអាចច្រៀងបានទាំងបទសម័យដើមនិងបទសម័យថ្មី ហើយកាយវិការទៀតសោតក៏គួរឱ្យខ្នាញ់ទៀតផង ។ ក្រៅពីនោះ កែវ ទិត្យផល្លី ក៏មានរូបសម្រស់ស្អាតគួរឱ្យស្រឡាញ់ផងដែរ ។ កែវ ទិត្យផល្លី ចាប់ផ្តើមទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី The voice kid Cambodia រដូវកាលទីពីរ៕