header ads

Sponsor

ថ្មីៗនេះម្ចាស់ផលិតកម្មអិលឌី បានបង្ហាញការហួសចិត្តក្រោយផេកថៃមួយបានលើកឡើងថារឿង«ប្រវត្តិស្នេហ៍នាងនាថ» ជារឿងចម្លងពីប្រទេសថៃ ។ តបជាមួយផេកផ្ទះលេខពីរលោក លៀក លីដា បាននិយាយថាសារព័ត៌មានរបស់ប្រទេសថៃធំប៉ុណ្ណឹងដែរ បែរជាមិនចេះវែកញែកប្រភេទរឿងចម្លងឬមិនចម្លងព្រោះថារឿងលោកជារឿងស្នេហាកំប្លែងមិនមែនរឿងខ្មោចឡើយ។

គួរឱ្យដឹងដែរថារឿង«ប្រវត្តិស្នេហ៍នាងនាថ»ជារឿងបុរាណដំបូងបង្អស់ដែល អិលឌី សម្រិតសម្រាំងផលិតដោយចំណាយដើមទុនខ្ទង់លានដុល្លារឯណោះ ។

 អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយឃើញTrailer   «ប្រវត្តិស្នេហ៍នាងនាថ» បានផ្សព្វផ្សាយគេបានឃើញផេករបស់ប្រទេស ថៃមួយបានចុះផ្សាយថាជារឿងដែលចម្លងពីប្រទេសថៃដោយសម្អាងទៅលើស្លៀកពាក់និងមិត្តភក្តិរបស់តួប្រុសបួនរូបដូចគ្នាទៅនឹងរឿងរបស់ប្រទេសខ្លួន ។

 ឱ្យអស់សង្ស័យលោក លៀក លីដា បានចេញមុខបញ្ជាក់ច្បាស់ទៅវិញថា «សារព័ត៌មានរបស់ប្រទេសថៃធំប៉ុណ្ណឹងដែរបែរជាមិនចេះវែកញែកប្រភេទរឿង ថាចម្លងឬក៏ដូចរឿងខ្ញុំជាប្រភេទរឿងស្នេហាកំប្លែងអត់មានខ្មោចទេ។ ម៉េចថាដូចឬចម្លងរឿងខ្មោចកំប្លែងរបស់អ្នកឯងកើត រឿងខ្ញុំបានបញ្ចូលទៅដោយវប្បធម៌អរិយធម៌និងសារអប់រំ ដ៏ល្អផូផង់របស់ប្រទេសកម្ពុជាម៉េចបានថាដូចរឿងខ្មោចអាឡាក់អាឡែតរបស់អ្នកឯងទាំងអ្នកឯងមិនទាន់បានមើលរឿងខ្ញុំផង»។
 

កន្លងមកលោក លៀក លីដា ធ្លាប់រៀបរាប់ថារឿង«ប្រវត្តិស្នេហ៍នាងនាថ» ផលិតឡើងជាប្រភេទរឿងស៊េរី (series) មាន ៣ វគ្គធំៗ ដែលវគ្គ១៖ យុវវ័យក្រោយសម័យអង្គរ, វគ្គ២ ជើងមេឃពណ៌ស្វាយ និងវគ្គ៣ ខ្មោចចិញ្ចឹមកូនមនុស្ស។សម្រាប់ការស្លៀកពាក់ និងការរៀបចំតុបតែងវិញយកលំនាំតាមរូបចម្លាក់នៃប្រាង្គប្រាសាទរបស់ខ្មែរដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ខ្សែភាពយន្តនេះមានការចូលរួមសម្តែងពីតារាល្បីៗរបស់កម្ពុជាដូចជាលោក ទេព រិនដារ៉ូ ពូឃ្លាំង តារាម៉ូដែលកូនកាត់ខ្មែរ-បារាំង Melia Constantin និងតារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា លោក Paing Takhon ជាដើម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post