header ads

Sponsor

ជឿជាក់ថាពេលនេះមហាជនដែលបានតាមដានរឿងរ៉ាវជនល្មើសដែលជាអតីតឧកញ៉ា ស្រី ស៊ីណា ដែលពេលនេះកំពុងស្ថិតក្នុងឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធាគារនោះមានការស្ងប់ចិត្តក្រោយពីបានឮការលើកឡើងយ៉ាងច្បាស់ៗពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ ថានឹងមិនអាចនៅស្ងៀមប្រសិនបើមានការប្តូរបទចោទប្រកាន់ចំពោះជនល្មើសតែពេលនេះមិនទាន់ដឹងកម្រិតទោសរបស់ជនដៃដល់ព្រោះតុលាការមិនទាន់សម្រេច ។

គួរឱ្យដឹងដែរថាឯកឧត្តម កើត រិទ្ធ បានធ្វើសន្និសិទ្ធសារព័ត៌មានកាលពីថ្ងៃទី ២៦ ម្សិលមិញនេះដោយបានលើកឡើងថាមហាជនក៏ដូចជារូបឯកឧត្តមផ្ទាល់ពិតជាមានការខឹងសម្បារចំពោះសោកនាកម្មដែលបង្ករឡើងដោយជនល្មើសដែលជាអតីតឧកញ៉ា ស្រី  ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សប្រុសស្រីពីរនាក់ និងមនុស្សម្នាក់រងរបួស ។ 

ប៉ុន្តែយ៉ាងណាយើងមិនអាចធ្វើទៅតាមចិត្តអារម្មណ៍នោះទេគឺធ្វើទៅតាមបច្ចេកទេសនិតិវិធីច្បាប់ ។ ជាមួយគ្នានោះឯកឧត្តមក៏បានបង្ហាញការសរសើរដល់អយ្យការដែលបានចោទប្រកាន់ទៅលើឃាតកដោយបំបែកជាពីរសំណុំរឿងដែលមានន័យថានឹងត្រូវអនុវត្តន៍សាលក្រមពីរ សាលដីកាពីរ បន្តបន្ទាប់គ្នា ។សម្រាប់សំណុំរឿងនីមួយៗត្រូវជាប់គុក ១៥ឆ្នាំ តែតុលាការសម្រេចប៉ុន្មានឆ្នាំជារឿងរបស់តុលាការ។ប៉ុន្តែបើសម្រេចមិនត្រឹមត្រូវនឹងធ្វើការប្តឹងឧទ្ធណ៍ជាបន្តទៀត។ឯកឧត្តមក៏បានស្នើសុំឱ្យតុលាការកុំបញ្ចូលសំណុំរឿងជាមួយគ្នាព្រោះអយ្យការបានបំបែកជាពីរសំណុំរឿងរួចហើយដើម្បីឱ្យជនល្មើសបានទទួលទោសទៅតាមអំពើរដែលខ្លួនបានធ្វើនឹងព្យសនកម្មដែលបានបង្ករឡើង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តធម៌ ក៏បានសង្កត់ធ្ងន់ថាពេលនេះយើងមិនទាន់ដឹងថាជនល្មើសនឹងត្រូវទទួលទោសប៉ុន្មានឆ្នាំឡើយព្រោះតុលាការមិនទាន់សម្រេចនៅឡើយ ។ ប៉ុន្តែក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តមថាប្រសិនមានការដូរបទចោទប្រកាន់ចំពោះជនល្មើស ស្រី ស៊ីណា ពីតុលាការទៅជាមនុស្សឃាតដោយអចេតនាឬបែបណានោះឯកឧត្តមនឹងមិននៅស្ងៀមឡើយហើយក៏មិនអាចអង្គុយនៅទីនេះទៀតដែរព្រោះជាកន្លែងដែលបាត់យុត្តិធម៌ទៅហើយ។

 ជុំវិញការលើកឡើងច្បាស់ៗពាក់ព័ន្ធទៅនឹងជនលើ្មស ស្រី ស៊ិណា ដែលជាអតីតឧកញ៉ាម្នាក់នោះក៏ដូចជាការបកស្រាយជុំវិញផ្លូវច្បាប់នានាបានធ្វើឱ្យមហាជនដែលជាអ្នកតាមដានរឿងនេះមានការពេញចិត្តហើយរំពឹងថាតុលាការនឹងសម្រេចដាក់ទោសធ្ងន់ធ្ងរទៅតាមការប្រព្រឹត្តរបស់ជនល្មើសដើម្បីឱ្យជនរងគ្រោះដែលបានបាត់បង់ជីវិតទទួលបាននូវយុត្តិធម៌៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post