ក្រោយពីប្រឹងប្រែងពង្រឹងសមត្ថភាពនិងខិតខំតស៊ូទីបំផុត លីន សោម៉ា អាចទទួលបានជោគជ័យដោយក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធី Beat The Best រដូវកាលទីពីរ ដោយទទួលបានការគាំទ្រនិងស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនបើទោះមានកំហុសបន្តិចបន្តួចនៅក្នុងការច្រៀងបទ«ម៉ែ» ជាចុងក្រោយក្តី។
គួរបញ្ជាក់ផងដែរថាប្រជាប្រិយភាពរបស់បេក្ខនារីសម្បុរស្រអែម លីន សោម៉ា មិនមែនទើបទទួលបាននៅក្នុងពេលនាងប្រឡងនៅក្នុងកម្មវិធី Beat The Best រដូវកាលទីពីរនេះទេពោលគឺនាងជាម្ចាស់ពាននៅក្នុងកម្មវិធីរបស់ទូរទស្សន៍បុស្តិអប្បរា«ផ្កាយរះក្នុងសួន»តាំងពីនៅវ័យជំទ ង់មកម្លេះ ។ មិនទាន់អស់ទេ លីន សោម៉ា ក៏ធ្លាប់បានចូលប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាសចំនួនពីរដងរួចមកហើយនៅក្នុងកម្មវីធី Cambodian Idol រដូវកាលទី៣ តែកាលណោះនាងបានធ្លាក់នៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
បន្តមកទៀត លីន សោម៉ា បានបន្តប្រឡងនៅក្នុងកម្មវិធី The Mask Singer Cambodia រដូវកាលទី១ តែកាលណោះនាងបានទទួលចំណាត់ថ្នាក់លេខ២។មិនបោះបង់ក្តីស្រមៃ លីន សោម៉ា បានបន្តចូលរួមនៅក្នុងកម្មវិធី Beat The Best រដូវកាលទីពីរ តែលើកនេះស្រីស្រអែមរូបនេះមិនបានធ្វើឱ្យហ្វេន ហ្វេន ខកបំណងទេដោយនាងបានពង្រឹងសមត្ថភាពទឹកដមសំឡេងរហូតក្លាយជាបេក្ខនារីឆ្នើមនៅក្នុងកម្មវិធីមួយនេះ ។
ជាចុងក្រោយ លីន សោម៉ា ត្រូវប្រកួតជាមួយបេក្ខនារី យ៉ាង ចាន់រតនា ដោយបេក្ខនារីទាំងពីរ ច្រៀងបទ«ម៉ែ» ដូចគ្នា ។ សម្រាប់បទចម្រៀងចុងក្រោយនេះគេសង្កេតឃើញថា លីន សោម៉ា ធ្វើមិនបានល្អ ដូចបេក្ខនារី យ៉ាង ចាន់រតនា ឡើយដោយសារនាងមានកំហុសបន្តិចបន្តួចនៅក្នុងបទមួយនេះ ពោលនាងដាក់មនោសញ្ចេតនាខ្លាំង។ ប៉ុន្តែជាលទ្ធផល លីន សោម៉ា នៅតែទទួលបានសំឡេងឆ្នោតច្រើនជាងបេក្ខនារី យ៉ាង ចាន់រតនា ។ទីបំផុតបេក្ខនារី លីន សោម៉ា ក៏ក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធី Beat The Best រដូវកាលទីពីរហើយក៏នឹងក្លាយជាតារាចម្រៀងអាជីពនៅក្នុងផលិតកម្មខ្នាតធំហង្សមាស ។
ក្រោយក្លាយជាម្ចាស់ពាន លីន សោម៉ា បានបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះក្រុមគ្រួសារ ជាពិសេសហ្វេន ហ្វេនទាំងអស់ថា «នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺមិនមែនខ្ញុំដើរមកតែម្នាក់ឯងនោះទេមានមនុស្សជុំវិញខ្លួនបានរួមដំណើរមកជាមួយខ្ញុំដែរ អរគុណបងៗគណៈកម្មការលោកគ្រូភ្លេងទាំងអស់តែងផ្ដល់បទពិសោធន៍និងឱកាសដល់ប្អូនប្រាប់ពីចំណុចខ្វះខាតនិងបង្រៀនអ្វីដែលថ្មីៗល្អៗមកកាន់ប្អូនអរគុណបងៗក្រុមការងារតែងតែជ្រោមជ្រែងធ្វើអោយកម្មវិធីនេះទៅមុខយ៉ាងរលូនអរគុណខ្លាំងបំផុតហ្វេនៗមិត្តភិក្តបងប្អូនរបស់ខ្ញុំទឹកចិត្តរបស់បងប្អូនធំធេងណាស់ដែលជាកម្លាំងចិត្តធ្វើអោយខ្ញុំមានថ្ងៃនេះ»៕