មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមដែលក្នុងនោះក៏មានការរិះគន់ជាបន្តបន្ទាប់ក្រោយពីបានឃើញសកម្មភាពបង្រៀនរាំលេងបែបសប្បាយៗរបស់ក្រុម TOP4 ដែលជាអតីតបេក្ខភាពនៅក្នុងកម្មវិធី Cambodian Idol រដូរកាលទីបួននៅក្នុងកម្មវិធីរបស់ទូរទស្សន៍ហង្សមាសកាលពីពេលកន្លងទៅ ។ មានការរិះគន់ចំៗថាធ្វើសកម្មភាពរាំបែបនេះដូចជា បែក បែក មើលទៅមិនសមទំនងដែលជាគំរូអាក្រក់សម្រាប់ក្មេងៗ។
គួរឱ្យដឹងដែរថាអតីតបេក្ខភាពនៅក្នុងកម្មវិធី Cambodian Idol រដូរកាលទីបួន ដែលមានដូចជា ម្ចាស់ពាន លឹម តិចម៉េង ថុល សុភិទិ នាង ដាវីន និងតារាចម្រៀង ស៊ឹម ចាន់ពន្លឺ បានបង្ហាញវត្តមានរួមគ្នានៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ហង្សមាសកាលពីថ្ងៃទី ១៧កន្លងទៅ ។ ដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែសប្បាយវីករាយតារាចម្រៀង ថុល សុភិទិ បានបង្រៀនក្បាច់រាំបែបកំប្លែងៗឱ្យមិត្តភក្តិធ្វើតាម ។ សកម្មភាពវីដេអូប្រមាណជាជិតបួននាទីនៅក្នុងសកម្មភាពបង្រៀនរាំរបស់ TOP4 ដោយមានភ្ជាប់សំណេរថា«គ្រូទិបង្រៀនក្បាច់រាំ កូនៗចាំធ្វើតាមលោកគ្រូណាស់»។
វីដេអូមួយនេះក៏ទទួលបានការចូលទស្សនាពីសំណាក់មហាជនជាច្រើនដោយមួយចំនួនបានបង្ហាញការរីករាយជាមួយសកម្មភាពកំប្លែងៗរបស់តារាចម្រៀងទាំងបួនរូប តែក៏មានការចូលទៅរិះគន់ចំដល់សកម្មភាពរបស់អ្នកទាំងនោះជាហូរហែរដែរថា«បែក បែក» «ជោរ» «ឡប់» «សុំមិនយល់»ជាដើម។
នេះជាលើកដំបូងដែលគេបានឃើញសកម្មភាពរបស់តារាចម្រៀង TOP4 ទទួលបានការរិះគន់ជាច្រើនពីសំណាក់មហាជនបែបនេះ ។ យ៉ាងណាមិញកន្លងមកគេធ្លាប់តែឃើញមានការពេញចិត្តនិងគាំទ្រមិនថាសកម្មភាពសិល្បៈឬការងារសង្គមចំពោះតារាចម្រៀងរូបសង្ហាទាំងបួននាក់នេះពីសំណាក់មហាជននៅក្នុងបណ្តាញសង្គម ៕