header ads

Sponsor

នៅក្នុងថ្ងៃទី ០១ ព្រឹកមិញនេះមនុស្សម្នាជាច្រើនកុះករបានជូនដំណើរដំណើរព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាលើកចុងក្រោយយកទៅបញ្ចុះទៅតាមព្រះពុទ្ធសាសនា ។ តាមរយៈទិដ្ឋភាពមួយនេះបានធ្វើឱ្យមហាជនដែលបានឃើញស្ទើរទប់ទឹកភ្នែកមិនជាប់គ្រប់គ្នា ។

ក្រោយពីមានជំងឺជាច្រើនមុខដែលមានដូចជាជំងឺថ្លើម សួត និងបេះដូងប្រមាណជាងពីរឆ្នាំគួរបផ្សំនឹងវ័យជរាផងនោះបានធ្វើឱ្យវីរៈសិល្បករចាប៉ឺដងវែងលោកតា គង់ ណៃ បានទទួលមរណភាពកាលពីថ្ងៃទី ២៨ កន្លងទៅដោយបន្សល់នូវការសោកស្តាយនិងអាលោះអាល័យជាខ្លាំងពីសំណាក់គ្រួសារ សាច់ញាតិក៏ដូចជាមហាជនទាំងក្នុងនិងក្រៅប្រទេស ។

 ដូចដឹងស្រាប់ហើយថាលោកតាគឺជាមរតកមនុស្សរស់ដែលមានទេពកោសល្យនិងជំនាញផ្នែកចាប៉ឺដងវែងដ៏មានសមត្ថភាពម្នាក់ ។ ពិធីបុណ្យសពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានប្រព្រឹត្តទៅតាមព្រះពុទ្ធសាសនានៅគេហដ្ឋានដែលស្ថិតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាស្រុកកំណើតរបស់លោកតាហើយក៏ជាបំណងប្រាថ្នារបស់លោកតាមុនអស់បុណ្យផងដែរ ។

ពិធីបុណ្យសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានប្រព្រឹត្តទៅយ៉ាងអធិកអធមរយៈពេលបីយប់បួនថ្ងៃដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគមសិល្បៈរួមនឹងអ្នកមានមុខមាត់ក៏ដូចជាញាតិមិត្តនៅក្នុងស្រុកភូមិជាច្រើន ។ អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមកាន់តែរំជួលចិត្តនោះគឺទិដ្ឋភាពដ៏ក្តុកក្តួលពីសំណាក់ក្រុមគ្រួសារកូនចៅ និងសាច់ញាតិជាច្រើនកុះករបានជូនដំណើរលោកតាជាលើកចុងក្រោយទៅបញ្ចុះជាមួយនឹងដំណក់ទឹកភ្នែកនិងការសោកស្តាយចំពោះការបាត់បង់លោកតាគ្រប់គ្នាកាលពីព្រឹកថ្ងៃទី ០១នេះ ។

 ទិដ្ឋភាពមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការក្តុកក្តួលចិត្តជាខ្លាំងហើយក៏សូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានសោយសុខនៅក្នុងឋានសុគតិភព ហើយក៏ចងចាំនូវស្នាដៃរបស់លោកជាច្រើនដែលបានបន្ស ល់ទុកសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់និងបានដឹងនិងយល់ពីចាប៉ឺដងវែងដែលជាឧបករណ៍តន្ត្រីបុរាណរបស់ខ្មែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post