ក្រោយអ្នកឧកញ៉ា ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បៈករមកគេសម្គាល់ឃើញតារាសម្តែងរូបស្រស់ នៅ សូនីតា តែងបង្ហាញវត្តមានគ្រប់កម្មវិធីនៅក្នុងសមាគមហើយពេលខ្លះក៏តំណាងឱ្យប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ម៉ៅ ចំណាន ផងដែរ ។មានការបង្ហើបប្រាប់ថាពេលនេះតារាសម្តែង នៅ សូនីតា មានតួនាទីជាប្រធានពិធីការរបស់សមាគមសិល្បករខ្មែរអាណត្តិទី៦នេះ។
នៅ សូនីតា ដែលធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់នោះហាក់រយាលពីការសម្តែងក្រោយអ្នកនាងមានកូនប្រុសជាចំណងដៃ ។ យូរៗម្តងអ្នកនាងលេចមុខនៅក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលនានាជាមួយនឹងការតុបតែងខ្លួនយ៉ាងសមសួននិងថ្លៃថ្នូរថែមទៀត។ ចុងក្រោយនេះ នៅ សូនីតា កាន់តែមានសកម្មភាពផុសផុលនៅក្នុងកម្មវិធីសិល្បៈដែលរៀបចំដោយប្រធានសមាគមសិល្បៈករថ្មីអ្នកឧកញ៉ា ម៉ៅ ចំណាន ។
ក្នុងនោះក៏មានការលើកឡើងថាអ្នកនាង នៅ សូនីតា ក៏មានតួនាទីជាប្រធានពិធីការម្នាក់ដែលកាន់តែធ្វើឱ្យ អ្នកនាងមានមុខមានមុខថែមមួយកម្រិតទៀត ។ យ៉ាងណាមិញគេតែងឃើញការរៀបចំខ្លួនរបស់អ្នកនាង នៅ សូនីតា កាន់តែមានភាពស្រស់ស្អាតនិងសមសួនទៅតាមឋានៈដែលមានស្វាមីមានងារជាឯកឧត្តមផងដែរ ។ ដោយសារតែមានការងារច្រើននៅក្នុងសមាគមអណត្តិថ្មីនេះទើបអ្នកនាង នៅ សូនីតា មិនសូវខ្វល់ខ្វាយជាមួយនឹងការងារសម្តែងក្រោមកម្តៅថ្ងៃដូចមុន។
បើក្រឡេកមើលជីវិតប្តីប្រពន្ធរបស់អ្នកនាង នៅ សូនីតា កាន់តែផ្អែមល្ហែមនិងស្អិតរមួតជាមុនក្រោយពីរងការប្រេះស្រាំនាពេលកន្លងមក។ ប៉ុន្តែយ៉ាងណាពេលនេះអ្នកនាងក៏មិនទាន់ទទួលបានដំណឹងល្អដូចការជូនពរពីសំណាក់មិត្តភក្តិក្រោយកូនប្រុស សង្រ្កាន កាន់តែធំជាងមុន ។ នៅ សូនីតា ក៏ជាសិល្បការរិនីម្នាក់ដែលមានជីវិតហាយសូរមិនធម្មតាដែរព្រោះស្វាមីអ្នកនាងមានដីរាប់ហិចតានៅតំបន់កែវផុសដែលត្រូវគេដឹងថាជាតំបន់ដែលត្រូវប៉ាន់ផងដែរ តែអ្វីដែលគួរឱ្យសរសើរកន្លងមកតារារូបនេះសុខចិត្តឡាយលក់ទំនិញតាមអនឡាញសន្សំប្រាក់បែបកាក់ល្អិតទៅវិញ៕