ទោះមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈក្តី តែតារាចម្រៀងសំឡេងស្រទន់លោក នី រតនា និងភរិយា បានបណ្តើរកូនៗទាំងបីទៅដើរលំហែនៅទឹកដីខេត្តពោធិសាត់ ។ តាមរយៈរូបភាពដែលបានចែករំលែកនៅក្នុងបណ្តាញសង្គមរបស់តារាចម្រៀង នី រតនា យើងសង្កេតឃើញថាពិតជាមានក្តីសុខភាពនិងភាពកក់ក្តៅជាខ្លាំង ។ រូបភាពទាំងនេះក៏បានធ្វើឱ្យហ្វេន ហ្វេនតារាចម្រៀង នី រតនា មានការរំភើបចិត្តគ្រប់គ្នា ។
ធ្មេចបើកៗកូនភ្លោះរបស់តារាចម្រៀង នី រតនា មានវ័យប្រមាណជា៧ខែហើយបើនិយាយពីរូបរាងមានភាពទ្រលុកទ្រលន់ គួរឱ្យស្រឡាញ់ជាខ្លាំង ។ ជារឿយៗ នី រតនា ក៏ដូចជាភរិយា តែងចែករំលែកវីដេអូបង្ហាញពីសកម្មភាពនៅក្នុងជីវិតឯកជនបង្ហាញដល់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ដែលធ្វើឱ្យហ្វេន ហ្វេន ជាច្រើនលាន់មាត់ពីសុភមង្គលដ៏ពេញលេញនៅក្នុងគ្រួសារតារាចម្រៀងរូបនេះ ។
អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយកូនភ្លោះរឹងដៃរឹងជើងតារាចម្រៀង នី រតនា និងភរិយាបានបណ្តើរកូនៗទាំងបីទៅដើរកម្សាន្តនៅតាមបណ្តារខេត្តជាលើកដំបូងដោយលោកជ្រើសយកទឹកដីខេត្តពោធិសាត់ ក្នុងស្រុកវាលវែង ។ តាមរយៈរូបភាពជាច្រើនសន្លឹកម្ចាស់បទ«កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា»រូបនេះបានភ្ជាប់សារដែលមានអត្ថន័យថា «សុភមង្គលក្នុងគ្រួសារគឺជារឿងដែលត្រូវបង្កើតឡើង មិនមែនក្តីសុខកើតឡើងដោយភាពចៃដន្យនោះទេ»។
តារាចម្រៀង នី រតនា ត្រូវបានគេចាត់ទុកជាសិល្បករដែលមានសំណាងមិនចាញ់លោក ឆាយ វីរៈយុទ្ធ និង កែវ វាសនា នោះឡើយ ។ យ៉ាងណាមិញលោកមានភរិយាដែលមានទាំងសម្រស់និងជាកូនស្រីអ្នកមានទ្រព្យធន ហើយពេលនេះពួកគេក៏បានចាប់ដៃគ្នារស់នៅយ៉ាងមានក្តីសុខ ជាពិសេសក្រោយសម្រាលបានកូនភ្លោះប្រុសស្រីទាំងពីរជាចំណងដៃ ។ អ្វីដែលគួរឱ្យសរសើរទោះជាមមាញឹកនៅក្នុងការងារសិល្បៈគេតែងឃើញតារាចម្រៀងរូបនេះចំណាយពេលវេលាជាមួយក្រុមគ្រួសារនិងភាពទទូលខុសត្រូវក្នុងនាមជាស្វាមីដែលធ្វើឱ្យភរិយារបស់លោកតែងពោលពាក្យសរសើរស្វាមីជាញឹកញាប់៕