មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឃើញផលិតកម្មហា្គឡាក់ស៊ីបានផលិតMV បទចម្រៀងខ្នាតធំ មួយបទសម្រាប់អបអរនៅក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។ អ្វីដែលកត់សម្គាល់ការសម្តែងនៅក្នុងបទចម្រៀងមួយបទនោះមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីដល់ទៅជាង ៣០០០នាក់ឯណោះ ។
នេះជាលើកដំបូងដែលគេបានឃើញការផលិតMVដែលមានការចូលរួមសម្តែងពីសំណាក់អ្នកសិល្បៈច្រើនថ្នាក់នេះ ។បទចម្រៀងមួយបទនេះមានចំណងជើងថា «៥សីហាការដ្ឋានប្រវត្តិ សាស្រ្តហ្វូណនតេជោ» ដែលត្រៀមនឹងចេញជាសាធារណៈនៅមុនពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ អ្វីដែលកត់សម្គាល់តាមរយៈរូបភាពមួយចំនួននៅក្នុងការផលិតMV ខ្នាតធំមួយនេះគេបានឃើញម្ចាស់ផលិតកម្មអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកចុះមកដឹកនាំការងារមួយនេះដោយផ្ទាល់ ។
ជារឿយៗគេតែងឃើញផលិតកម្មហា្គឡាក់ស៊ីមានការផលិតMV ដែលមានសិល្បករ សិល្បការិនីចូលរួមច្រើននាក់ តែនេះជាលើកទីមួយដែលមានតារាក្នុងសិល្បៈចូលរួមដល់ទៅជាង ៣០០០នាក់ឯណេះដែលចាត់ទុកជាបទចម្រៀងមួយដែលមានគុណភាពនឹងមានការចូលរួមច្រៀងនិងសម្តែងពីអ្នកសិល្បៈច្រើនថ្នាក់នេះ ។ ប៉ុន្តែមិនទាន់មានការទម្លាយពីចំណាយនៅក្នុងការផលិតMVមួយបទនេះឡើយ។
គួរឱ្យដឹងថាគម្រោងព្រែកជីកហ្វូណន គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាដែល តភ្ជាប់ពីផ្លូវទឹកសាបទៅកាន់ទឹកសមុទ្រដែលពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នេះនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ។បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា បទចម្រៀងមួយបទនេះជាចម្រៀងខ្នាតធំទុកជាប្រវត្តិសាស្ត្រ ដែលជាមោទនភាពរបស់ប្រទេស ផងដែរ៕