មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ គឹម លីហ្សា ក្រោយបានឃើញវីដេអូមួដែលអ្នកនាងបានទម្លាយពីភាពឈឺចាប់របស់ខ្លួនដែលបានបាត់បង់លោកឪពុកកាលពីជាងកន្លះឆ្នាំមុន ។ តារារូបនេះបានប្រាប់ថាតាមពិតមុនលោកឪពុកទទួលមរណភាពមានព្រះសង្ឃមួយអង្គបានប្រាប់ថាឪពុកមានគ្រោះថ្នាក់តែខ្លួន មិនបានចាប់អារម្មណ៍នឹងធ្វើតាមទើបធ្វើឱ្យអ្នកនាងមានអារម្មណ៍ថាឈឺចាប់រហូតដល់សព្វថ្ងៃ ។
ថ្មីៗនេះ គឹម លីហ្សា បានរៀបរាប់ថាមុនលោកឪពុកទទួលមរណភាពប្រមាណពីរខែអ្នកនាងបានទៅវត្តមួយដែលមានទីតាំងនៅជិតភ្នំឧត្តុង្គដែលព្រះសង្ឃអង្គនោះក៏បានប្រាប់ថាឪពុករបស់នាងមានគ្រោះថ្នាក់ឱ្យនាងជាវក្តារម្ឈូសជូនគេដើម្បីកាត់គ្រោះ ។ ប៉ុន្តែដោយសាររវល់នឹងការងារជំនួញ និងមិនចាប់អារម្មណ៍នឹងសង្ឃដីការបស់លោកតា ហើយគិតថាឪពុកមានសុខភាពមាំទាំមិនមានជំងឺធ្ងន់ធ្ងរផងនោះក៏មិនបានធ្វើតាមសង្ឃដីការបស់លោកតា។
ក្រោយមកឪពុករបស់នាងក៏មានបញ្ហាឡើងឈាមនឹងដួលធ្វើឱ្យប៉ះពាល់ដាច់សរសៃឈាមនឹងឈានដល់ការបាត់បង់ជីវិត។ គឹម លីហ្សា បានឱ្យដឹងថាដោយសារតែខ្លួនមិនបានធ្វើតាមសម្តីរបស់ព្រះសង្ឃទើបធ្វើឱ្យអ្នកនាងស្ពាយការឈឺចាប់រហូតមកដល់ពេលនេះ ។បើតាមការលើកឡើងរបស់ គឹម លីហ្សា បានឱ្យដឹងថាព្រះសង្ឈអង្គនោះគង់នៅ វត្តចតុទិស ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។
ជុំវិញការរៀបរាប់របស់ គឺម លីហ្សា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ហើយអ្នកខ្លះក៏បានសម្តែងការអរគុណសម្រាប់ការចែករំលែករបស់ គឺម លីហ្សា ហើយខ្លះទៀតក៏បានលើកឡើងថាមិនជឿកុំប្រមាទព្រោះខ្លួនក៏បានជួបរឿងស្រដៀង គឹម លីហ្សា ដែរ ។ ពេលនេះដែរ គឹម លីហ្សា កំពុងពរពោះកូនទីបីដែលត្រៀមនឹងសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះដែលកូនទីបីនេះជាកូនស្រីដែលសមទៅនឹងបំណងអ្នកនាងនិងស្វាមីព្រោះកូនទាំងពីរសុទ្ធតែជាកូនប្រុស៕