ក្នុងនាមជាគ្រូបង្ហាត់ប្រាណម្នាក់ដែរតារាសម្តែង នួន ណត្ថិយា បានបង្ហាញការហួសចិត្តនឹងបានលើកឡើងយ៉ាងចាក់ដោតចំពោះបុរសមួយចំនួនដែលមានគំនិតថោកទាបបែបនេះនៅកន្លែងហាត់ប្រាណ។ ការលើកឡើងរបស់តារាស្រីរូបនេះក៏ទទួលបានការគាំទ្រពីសំណាក់នារីៗមួយចំនួនផងដែរ ។
ថ្មីៗនេះមានបុរសម្នាក់បានបង្ហាញការហួសចិត្តចំពោះនារីទៅហាត់ប្រាណមួយចំនួនដែលមានការស្លៀកពាក់រឹបរាងដោយលើកនិយាយថាស្លៀកពាក់ល្មមបានហើយនឹងសូមឱ្យតម្លៃដល់ខ្លួនឯងផង ជាពិសេសអាណិតដល់ភ្នែកបុរសៗខ្លះផងព្រោះមិនមែនជាកន្លែងបង្ហាញប៉ាន់ទេ ។ ពាក្យសម្តីរបស់បុរសរូបនេះបានធ្វើឱ្យនារីដែលនិយមការហាត់ប្រាណបង្ហាញការមិនពេញចិត្តចំពោះសម្តីទាំងនេះ ។
ក្នុងនោះគេបានឃើញតារាសម្តែងរូបស្រស់ នួន ណត្ថិយា ដែលមានជំនាញជាគ្រូហាត់ប្រាណដែរនោះបានបង្ហោះសំណេរយ៉ាងចាក់ដោតថា«ប្រុសប្រុសមួយចំនួនថោកទាបណាស់ទៅហាត់ប្រាណតែមិនហាត់ទេ ទៅអង្គុយមើលស្រីស្រីហាត់ហើយ តាំងមករិះគុណគេ បែបគំនិតអាក្រក់»។សម្តីរបស់ស្រីស្អាតរូបនេះក៏បានធ្វើឱ្យនារីៗជាច្រើនគាំទ្រនិងពេញចិត្តគ្រប់គ្នាដោយម្នាក់ៗលើកហេតុផលថាការស្លៀកពាក់បែបរឹបរាង នេះងាយស្រួលក្នុងការបត់បែនខ្លួនទៅតាមក្បាច់នីមួយៗ ។
គួរឱ្យដឹងថា នួន ណត្ថិយា គឺជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពគួរសម តែចុងក្រោយនេះនាងហាក់មិនសូវមានសកម្មភាពថ្មីនៅក្នុងសិល្បៈប៉ុន្មានឡើយ ។ ភាគច្រើន នួន ណត្ថិយា យកពេលវេលាមកធ្វើជាគ្រូបង្រៀនហាត់ប្រាណនៅក្លឹបហាត់ប្រាណមួយ។ ស្រីស្អាត នួន ណត្ថិយ៉ា ត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់តារាសម្តែងរូបសង្ហា ជា លាងឈែ ដែលគិតមកដល់ពេលនេះពួកគេមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួតប្រមាណជាបីឆ្នាំហើយ៕