ខណៈតារាមួយចំនួនខិតខំរិះរកវិធីដើម្បីមានឱកាសបានចេញទៅរស់នៅក្រៅប្រទេសដោយស្របច្បាប់ តែសម្រាប់តារាចម្រៀង លឹម តិចម៉េង បែរជាច្រានចោលសំណើរមួយនេះបើទោះមានការធានាទៅរស់នៅដោយស្របច្បាប់ក្តី ។ លោកលើកហេតុផលថាសុខចិត្តលូនក្រាបប្រឹងប្រែងរស់នៅដោយខ្លួនឯងនៅទឹកដីខ្មែរអស់មួយជីវិត។
ទើបប្រឡូកក្នុងសិល្បៈរយៈពេលខ្លីក្តី តែកំលោះតូច លឹម តិចម៉េង ហាក់ទទួលបានក្តីស្រឡាញ់ពីសំណាក់អ្នកគាំទ្រជាច្រើនមិនថមថយនោះទេ ។
ដោយសារលោកជាតារាចម្រៀងដែលមានគុណធម៌ប្រចាំខ្លួនច្បាស់លាស់ ជាពិសេសមានចរិកល្អរួសរាយបើទោះក្លាយជាតារាចម្រៀងល្បីក្តី ។
មួយវិញទៀតតារាចម្រៀងរូបនេះក៏មិនកើបលុយតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬល្បែងអនឡាញនោះទេ ។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ចាមរូបនេះក៏ត្រូវបានអ្នកគាំទ្រដែលរស់នៅក្រៅប្រទេសធានាលោកចេញទៅរស់នៅដោយស្របច្បាប់ ។ ប៉ុន្តែយ៉ាងណាលោកបានបដិសេធបំណងល្អមួយនេះព្រោះមិនមានចិត្តចង់ចាកចោលទឹកដីកំណើតរបស់ខ្លួនឡើយ ។
អតីតម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodia Idol រូបនេះបានបង្ហោះសារដែលមានអត្ថន័យថា «អរគុណបងប្អូននៅឯនាយសមុទ្រមួយចំនួនដែលបានផ្តល់ឱកាស ហើយធានាអោយខ្ញុំទៅនៅទីនោះ តែខ្ញុំបាទសូមបញ្ចាក់ថាខ្ញុំគ្មានបំណងទៅណាចោលជាតិ មាតុភូមិមួយនេះទេ ខ្ញុំមិនចង់វិចដីខ្មែរមួយក្តាប់យកទៅដេកអោបនៅស្រុកគេទាំងទឹកភ្នែកឡើយ ខ្ញុំសុខចិត្តតស៊ូ លូនក្រាប ប្រឹងប្រែងដោយខ្លួនឯងនៅទីនេះអស់មួយជីវិត សូមអរគុណ ។ បញ្ចាក់ : បើទៅដើរលេងទៅណាក៏បានដែរអោយតែមានលុយ មានពេល»។
ចំពោះការប្រកាន់ជំហររបស់តារាចម្រៀង លឹម តិចម៉េង ក៏មានហ្វេន ហ្វេនរបស់លោកបានបង្ហាញការរីករាយចិត្តជាខ្លាំង តែក៏មានមហាជនមួយចំនួនបានលើកឡើងថាបើមានឱកាសគួរចាកចេញទៅរស់នៅប្រទេសជឿនលឿនក៏ល្អដែរអាយដល ៕