Sponsor

ក្រោយអ្នកនាង ខាត់ សុឃីម ក៏ដូចជាអ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហាញការមិនពេញចិត្តក្រោយឃើញការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងកម្មវិធីប្រឡង Miss Grand Cambodia 2024 ដែលទើបបញ្ចប់កាលពីថ្ងៃទី ១៣ កន្លងទៅ។ លោក Summer ដែលជាពិធីករបានសំណូមពរឱ្យមហាជនយល់ពីគោលបំណងរបស់លោកនៅក្នុងការប្រើភាសាអន្តរជាតិ តែយ៉ាងណាលោកប្រកាសថានឹងប្រើភាសាជាតិនៅក្នុងការប្រឡងនៅឆ្នាំក្រោយ ។

បន្ទាប់ពីកម្មវិធីប្រលង Miss Grand Cambodia 2024 បានបញ្ចប់ទៅ តែអ្នកទស្សនាមួយភាគដែលរួមទាំងអ្នកនាង ខាត់ សុឃីម នោះបានបង្ហាញការងឿងឆ្ងល់ពីមូលហេតុដែលពិធីករប្រុសលោក Summer ប្រើភាសាអង់គ្លេសទាំងក្នុងការប្រកួតនៅក្នុងស្រុកបែបនេះ។ ជាមួយនឹងការវែកញែកដែលមានទាំងការពេញចិត្តនិងការរិះគន់នោះលោក Summerដែលជាពិធីករបានចេញមុខបកស្រាយ ជាបន្តបន្ទាប់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា

«ក្នុងនាមខ្ញុំជាពិធីករខ្ញុំដឹងថាអ្វីគួរអ្វីមិនគួរ និងអ្វីដែលខ្ញុំត្រូវនិយាយ និងមិនត្រូវនិយាយ បើអ្នកទាំងអស់គ្នាបើកចិត្តតែបន្តិច អ្នកទាំងអស់គ្នានឹងយល់ពីគោលបំណងរបស់ខ្ញុំ ក្នុងការប្រើប្រាស់ភាសាក្នុងកម្មវិធីនៅឆ្នាំនេះ»។បន្ថែមពីនោះលោកក៏បានបន្តទៀតថា«ពេលនេះកម្មវិធីកម្ពុជាបានល្បីសុះសាយដល់អន្តរជាតិហើយអ្នកឈ្នះម្កុដក៏ត្រូវបានគេស្គាល់និងចាប់អារម្មណ៍ច្រើនហើយឆ្នាំក្រោយពិធីករនឹងត្រលប់មកនិយាយភាសាជាតិវិញតាមធម្មតា»។

ការលើកឡើងរបស់ពិធីករវ័យក្មេងរូបនេះបានធ្វើឱ្យមហាជនជាអ្នកតាមដាននិងចូលចិត្តការប្រឡងបវរកញ្ញាមានការរីករាយជាខ្លាំង។ជាមួយគ្នានោះក៏មានការលើកទឹកចិត្តដល់ពិធីកររូបនេះផងដែរ ។ គួរឱ្យដឹងថាលោក Summer មានឈ្មោះពិតប្រាកដថា តារា ឧសភា ជាពិធីករវ័យក្មេងមួយរូប ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងបណ្ដារមិត្តយុវវ័យជាច្រើន។ មួយរយៈពេលចុងក្រោយនេះលោក Summer បានក្ដោបឱកាស ជាពិធីករក្នុងកម្មវិធីធំៗជាច្រើនហើយអ្វីដែលធ្វើឱ្យលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជននោះដោយសារតែ Summer ប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាតជំនាញ និងមានតុងសំឡេងល្អថែមទៀតផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor