ជឿជាក់ថាអ្នកគាំទ្រប្រាកដជានៅចងចាំបានអតីតបេក្ខភាពបវរកញ្ញាចក្រវាឡ ២០២១ ឆន ស្រីណេត ដែលមានស្រុកកំណើតនៅខេត្តព្រះត្រពាំងកម្ពុជាក្រោមនោះបានចេញមុខបញ្ជាក់ច្បាស់ៗថាក្នុងនាមជាខ្មែរក្រោមកញ្ញាជាជនជាតិខ្មែរមានឪពុកម្តាយដូនតាជាជនជាតិខ្មែរគ្រាន់តែមានសញ្ជាតិវៀតណាមប៉ុណ្ណោះ ។
ដ្បិតមិនបានទទួលជោគជ័យនៅក្នុងការប្រឡងបវរកញ្ញាចក្រវាឡ ២០២១ ក៏ពិតមែន តែ ឆន ស្រីណេត បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនពេញចិត្តចំពោះឆន្ទះក៏ដូចជារូបសម្រស់របស់កូនខ្មែរកម្ពុជាក្រោមរូបនេះ ។
ជាច្រើនឆ្នាំមកនេះ ឆន ស្រីណេត ក៏បានសាងប្រជាប្រិយភាពជាច្រើនតាមរយៈសកម្មភាពនៅក្នុងការងារសិល្បៈជាបន្តបន្ទាប់។អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីនេះ ឆន ស្រីណេត បានធ្វើឱ្យអ្នកលេងបណ្តញសង្គមមួយចំនួនធំមានការចែករំលែកវីដេអូរបស់នាងជាច្រើនក្រោយពីនាងបានចេញមុខបញ្ជាក់ជុំវិញការលើកឡើងរបស់ ឯកឧត្តម សុខ ឥសាន ។ ថ្មីៗនេះឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា« ខ្មែរក្រោមទាំងអស់ហ្នឹងសុទ្ធតែជាជនជាតិវៀតណាមហើយបើជនជាតិវៀតណាមសមាគមគេមានហើយឱ្យគេទាមទារទៅតាមគោលការណ៍ដែលមានចែងនៅក្នុងអង្គការសហប្រជាជាតិទៅវាអត់ខុសទេចាំបាច់អីរាជរដ្ឋាភិបាលកម្ពុជាទៅទាមទារជំនួសបងប្អូនខ្មែរក្រោមនោះ»។
ប្រសាសន៍មួយនេះបានធ្វើឱ្យស្រីស្អាតវ័យ២៧ឆ្នាំ ឆន ស្រីណេត បានចេញវីដេអូតបថា ក្នុងនាមជាខ្មែរក្រោមនាងជាជនជាតិខ្មែរហើយមូលហេតុមានសញ្ជាតិវៀតណាមដោយសាររស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម តែនាងមិនដែលភ្លេចកំណើតថាខ្លួនជាជនជាតិខ្មែរនោះឡើយ។ ក្នុងនាមជាខ្មែរក្រោមនាងនៅតែចងចាំថាមានឪពុកម្តាយជាជនជាតិខ្មែរនិងថែរក្សាប្រពៃណីវប្បធម៌ខ្មែរទៀតផង ។ ដ្បិតមានការនិយាយបែបនេះក្តី តែ ឆន ស្រីណេត បាននិយាយថានាងមិនបានខឹងសម្បារចំពោះការនិយាយថាខ្មែរក្រោមមិនមែនជាជនជាតិខ្មែរនោះឡើយ គ្រាន់តែចង់បញ្ជាក់ឱ្យច្បាស់តែប៉ុណ្ណោះ៕