មិនមានលេចឮព័ត៌មានច្រើនស្ងាត់ៗតារារ៉េប វណ្ណដា បានបង្ហាញវត្តមាននៅក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣នាទីក្រុងប៉ារីសប្រទេសបារាំងយ៉ាងអស្ចារ្យដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់តារារ៉េបរូបនេះមានមោទកភាពនិងរំភើបជាខ្លាំង ។
ពិតជាធ្វើឱ្យហ្វេន ហ្វេន ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះកាលពីពីរថ្ងៃមុននេះគេបានឃើញ វណ្ណដា បានចែករំលែករូបភាពនៅក្នុងStory ពីការធ្វើដំណើរទៅប្រទេសបារាំង តែយ៉ាងណាលោកមិនបានបញ្ជាក់ថាទៅក្នុងគោលបំណងអ្វីឡើយ តែស្ងាត់ៗនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យពិធីបិទបញ្ចប់កីឡាអូឡាំពិកលើកទី៣៣ គេបែរជាបានឃើញវត្តមានលោកលេចមុខលើឆាកដ៏អស្ចារ្យនេះក្នុងនាមជាសិល្បករខ្មែរដែលមានប្រជាប្រិយភាពម្នាក់ ។ បើក្រឡេកមើលការតុបតែងខ្លួនរបស់លោកក៏សមសួននិងស្រស់សង្ហាជាមួយនឹងការច្នៃម៉ូដសម្លៀកបំពាក់ពីហូលខ្មែរយ៉ាងស្រស់ស្អាតពីសំណាក់ទឹកដៃច្នៃម៉ូដដ៏មានទេពកោសល្យរបស់លោក ណុប ដាណេ ។
អ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញក្តីរំភើបចំពោះវត្តមានរបស់តារារ៉េប វណ្ណដា នៅក្នុងពិធីបិទបញ្ចប់កីឡាអូឡាំពិកគ្រប់គ្នា ព្រោះដឹងស្រាប់ហើយថា វណ្ណដា ត្រូវបានគេចាត់ទុកជាតារារ៉េបម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសប្រទេសអាស៊ីតែម្តង ៕