ក្រោយពីបានឃើញវីដេអូដែលជាសកម្មភាពអសីលធម៌របស់ក្មេងប្រុសមួយដែលជាសិស្សរៀនថ្នាក់ទី ៦ម្នាក់បានធ្វើសកម្មភាពយ៉ាងទំនើងដោយធាក់តុនិងបបួលលោកគ្រូវាយគ្នានោះបានធ្វើឱ្យពិធីករ ដួង សុខគា ដែលតែងចែករំលែកនូវចំណេះដឹងនិងសកម្មភាពនានាក្នុងសង្គមមានការបង្ហោះសារជាកំណាព្យដែលមានអត្ថន័យយ៉ាងចាក់ដោតមួយ ។
ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គមមិនតិចទេបានបង្ហាញការហួសចិត្តក្រោយបានឃើញវីដេអូដែលជាសកម្មភាពយ៉ាងទំនើងនិងកោងកាចរបស់ក្មេងប្រុសម្នាក់នៅក្នុងថ្នាក់រៀនដែលកំពុងផ្ទុះការចែករំលែកពេញបណ្តាញសង្គម ។
ក្នុងនាមលោកគ្រូម្នាក់ដែរលោក ដួង សុខគា បានតែងកំណាព្យដែលមានការរៀបរាប់ថា «ពាក្យចាស់ថា«ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង»! ម៉ែឪកាន់ជើងកូនកើតទំនើងទំនងព្រាយខ្លា គ្រូស្តីមិនខ្លាចកាចខុសតម្រាតម្រូវមេបាជួយថាជួយស្តី។ត្រីស្អុយកុំដាក់ត្រូវយកទៅចាក់ក្នុងទីដទៃកុំឱ្យឆ្លងស្អុយដល់នានាត្រីឬច្នៃធ្វើអ្វីតាមត្រង់តាមវៀច។មិនចង់លូកមាត់តែឃើញគួរឃាត់មិនគួរឱ្យកៀចមាតាបិតាស្រាម៉ានាំវៀចកំពើងកំពៀចខុសពូជខូចពុម្ព។អាណិតតែគ្រូអត់ធ្មត់តស៊ូពីតូចដល់ធំអាកោគេឡើងសរសើរមេពុម្ពកូនកើតរឿងធំសង្គមគ្រូខុស។គ្រូចាំតែរងខុសម្តេចត្រូវម្តងអប់រំទៀតចុះសិស្សកាចហ៊ានប៉ះណាស់គ្រូមានទោសទុកកាន់ជើងចុះម៉ែឪទាំងឡាយ។តែម៉ែឪខ្លះគាត់ស្តីថាណាស់ខ្លាចកូនអន្តរាយទណ្ឌកម្មតិចតួចលួចថតលួចឡាយប្តឹងឪពុកម្តាយប្រដៅមិនបាន។ប្រដៅអប់រំឆ្នាំងធំគ្របធំកូនអើយក្លាហានលេបថ្នាំលើសដូសខុសដើមខុសដានប្រដៅលែងបានក្លាហានខ្លាហែក»។
កំណាព្យដែលបង្កប់អត្ថន័យរបស់លោក ដួង សុខគា ក៏ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តនិងបានសម្តែងការហួសចិត្តចំពោះភាពអសីលធម៌ចំពោះក្មេងប្រុសរូបនេះគ្រប់គ្នា ។ គួរឱ្យដឹងថាវរឿងហេតុនេះ បានកើតឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤ នៃ សាលាបឋមសិក្សាភូមិថ្មី ភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុក ជល់គីរី ខេត្តកំពង់ឆ្នាំង ។ក្មេងប្រុសដែលមានអត្តចរិកឈ្លើយរូបនេះមានឈ្មោះថា រី សុវណ្ណ ជាសិស្សថ្នាក់ទី ៦ក ។ ក្រោយកើតហេតុក្មេងប្រុស រី សុវណ្ណ ក៏ត្រូវបានថ្នាក់ដឹកនាំសាលាហៅទៅធ្វើការអប់រំនិងណែនាំទៅតាមជំនាញ៕